តំបន់សេដ្ឋកិច្ចពិសេសទំហំជាង១៤០ហិកតា ដែលមានទីតាំងស្ថិតនៅស្រុកក្រគរ ខេត្ដពោធិ៍សាត់ និងលេចរូបរាងឆាប់ៗខាងមុខនេះ បន្ទាប់រាជរដ្ឋាភិបាលអនុម័ត។
លោក ហេង សុខណាង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំគណៈកម្មការអន្តរក្រសួង-ស្ថាប័នចំនួន១៣ ចុះពិនិត្យទីតាំងនៃគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុន Pursat Special Economic Zone Co., Ltd. ស្ថិតនៅក្បាលដីលេខ៤៦៦ ត្រង់គីឡូម៉ែត្រលេខ១៥៤ លើផ្លូវជាតិលេខ៥ ភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ លើផ្ទៃដីទំហំជាង ១៤០ ហិកតា។
យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា ការស្នើសុំគម្រោងវិនិយោគថ្មីនាពេលនេះ បង្ហាញអំពីភាពជោគជ័យក្នុងការរីកចម្រើនរបស់សង្គមសេដ្ឋកិច្ចកម្ពុជា ជាពិសេសការផ្តល់នូវជំនឿទុកចិត្តពីសំណាក់វិនិយោគិន មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា ធ្លាប់បានលើកថា នៅជិតតំបន់សេដ្ឋកិច្ចពិសេស មានគម្រោងជាច្រើនបានអភិវឌ្ឍរួច និងកំពុងដំណើរការរួមមាន៖ រោងចក្រកាត់ដេរ រោងចក្រតម្លើងត្រង់ស្វូរ រោងចក្រផ្គុំ និងតំឡើងរថយន្ត Ford របស់សហរដ្ឋអាមេរិក ពហុកីឡដ្ឋានសម្តេចតេជោ ហ៊ុន សែន។
គួរកត់សម្គាល់ផងដែរថា នៅខេត្តពោធិ៍សាត់ នឹងមានតំបន់សេដ្ឋកិច្ចរបស់ជប៉ុន មួយដែលវិនិយោគដោយក្រុមហ៊ុន Minebea Cambodia ក្នុងទំហំទឹកប្រាក់ចំនួន ៦៥០លានដុល្លារ ដោយគ្រោងត្រៀមផ្ទៃដីចំនួន៥០ហិកតា ។ តំបន់សេដ្ឋកិច្ចពិសេសថ្មីនេះដែរ នឹងជំរុញការវិនិយោគបន្ថែមទៀតទៅកាន់ខេត្តពោធិ៍សាត់ ជាពិសេសការវិនិយោគនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ដែលទើបតែសាងសង់រួច និងបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការកាលពីពេលថ្មីៗមកនេះដែរ ។ តំបន់សេដ្ឋកិច្ចពិសេសមួយនេះ ក៏ងាយស្រួលក្នុងការភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសកម្ពុជានិងប្រទេសថៃផងដែរ ស្របនឹងច្រកអន្តរជាតិថ្មី បានណងអៀន ក៏នឹងត្រៀមបើកដំណើរការនៅពេលឆាប់ៗនេះដែរ៕ អត្ថបទ៖ វិបុល