ព្រះមហាក្សត្រ៖«ការចូលរួមដាំដើមឈើ និងថែរក្សាការពារព្រៃឈើ គឺជាការជួយខ្លួនឯង»

សង្គម​ និង​សេដ្ឋកិច្ច

ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានមានព្រះបន្ទូលថា «ការចូលរួមដាំដើមឈើ និងការពារព្រៃឈើ គឺជាការជួយខ្លួនឯង» ខណៈព្រះអង្គក៏បានចាត់ទុកថា «រុក្ខទិវា» គឺជាវប្បធម៌ដ៏ប្រសើរ ដែលជំរុញឱ្យជនរួមជាតិបានចូលរួមដាំដើមឈើផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់មានព្រះបន្ទូលបែបនេះ ក្នុងឱកាសដែលព្រះអង្គយាងជា ព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ប្រារព្ធពិធី «រុក្ខទិវា» លើកទី២៩ ដែលរៀបចំឡើងនៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើបន្ទាយអង្គរ នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ នៅ​ភូមិ​ខ្នារ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។

នាឱាកានោះ ព្រះមហាក្សត្រ ទ្រង់មានព្រះបន្ទូលបន្តថា«ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានផ្តួចផ្តើមរៀបចំពិធី “រុក្ខទិវា” និងសព្វព្រះរាជហឫទ័យ យាងជាព្រះរាជាធិបតីក្នុងពិធីនេះជារៀងរាល់ឆ្នាំ នៅតាមបណ្តាខេត្តនានា ចាប់តាំងពីសម័យសង្គមរាស្ត្រនិយមមក ដើម្បីបំផុស និងលើកទឹកចិត្តឱ្យកូនចៅជាទីស្រលាញ់របស់ព្រះអង្គ ចូលរួមថែរក្សា ការពារព្រៃឈើ និងដាំដើមឈើនៅទូទាំងប្រទេស ហើយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ និងបច្ចុប្បន្ន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាល បានបន្តរៀបចំជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ១៩៩២មក»

ព្រះអង្គមានបន្ទូលទៀតថា៖«”រុក្ខទិវា” ជាវប្បធម៌ដ៏ប្រសើរ ដែលព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ អាជ្ញាធរជាតិគ្រប់ថ្នាក់ និងបងប្អូនជនរួមជាតិទាំងអស់នៅទូទាំងប្រទេសបានចូលរួមដាំដើមឈើ ដោយមានទស្សនរួមគឺ ការចូលរួមដាំដើមឈើ និងការពារព្រៃឈើ គឺជាការជួយខ្លួនឯង ទាំងជីវភាពរស់នៅប្រចាំថ្ងៃ ទាំងសុវត្ថិភាពពីគ្រោះធម្មជាតិ ទាំងក្តីសង្ឃឹមសម្រាប់កូនចៅជំនាន់ក្រោយ របស់យើង»

ព្រះមហាក្សត្រ ទ្រង់ក៏បានថ្លែងអំណរគុណចំពោះប្រទេសជាមិត្ត និងអង្គការជាតិ-អន្តរជាតិ នានាដែលបានចូលរួមគាំទ្រដល់ការងារដាំដើមឈើ និងការថែរក្សាការពារ ធនធានព្រៃឈើ-សត្វព្រៃ ខណៈព្រះអង្គក៏សូមអំពាវនាវឱ្យបន្តសកម្មភាពនេះ ដើម្បីជាប្រយោជន៍ដល់ពិភពលោកទាំងមូល។

សូមរម្លឹកដែរថា នេះគឺជាលើកទី៤ នៃការប្រារព្ធពិធីរុក្ខទិវា ដែលព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងព្រះមហាក្សត្រ បានយាងមកចូលរួមក្នុងពិធីរុក្ខទិវា នៅខេត្តតាកែវ។ កាលពីឆ្នាំ១៩៩៣ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គក៏ធ្លាប់បានសព្វព្រះរាជហឫទ័យយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធី «រុក្ខទិវា» នៅខេត្តតាកែវនេះដែរ៕ អត្ថបទ៖ រង្សី