៦ខែមកនេះ៖ កម្ពុជា រកចំណូលបានជិត២៥០លានដុល្លារ ពីការនាំចេញអង្ករទៅកាន់ទីផ្សារ៦៣ប្រទេស

សង្គម​ និង​សេដ្ឋកិច្ច

ត្រឹម ៦ខែ ពោលគិតចាប់ពីខែមករា ដល់ខែមិថុនា នៃឆ្នាំ​២០២៤ កម្ពុជាបាននាំចេញអង្ករចំនួន ៣៣៨ ៦៥៤ តោន គិតជាទឹកប្រាក់​បានចំនួន ២៤៧.៦០លានដុល្លារសហរដ្ឋអាមេរិក ខណៈការនាំចេញទៅកាន់ទៅកាន់គោលដៅចំនួន ៦៣ប្រទេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមរបាយការណ៍ដែលទទួលបានពីសហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្នុងរយៈពេល ៦ខែ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ៣៣៨ ៦៥៤ តោន​ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥១ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៣។

របាយការណ៍ដដែលបន្តថា ការនាំចេញនេះ នៅក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ​២៦ ​បានបរិមាណអង្ករចំនួន ១៥៦ ៧៨៩ តោន គិតជាទឹកប្រាក់ចំនួន ១២១.៣២ លានដុល្លារសហរដ្ឋអាមេរិក  ទៅកាន់ប្រទេសចិន​រួមទាំងហុងកុង និងម៉ាកាវ ចំនួន ៧៥ ៣៩៨ តោន គិតជាទឹកប្រាក់ចំនួន ៤៧.០១ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត ចំនួន ៧ប្រទេសបានបរិមាណ ចំនួន ៧៤ ៥៥៤ តោន​ គិតជាទឹកប្រាក់ចំនួន ៥១.៨៥ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ ២៧ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ។ល។ បានចំនួន   ៣១ ៩១៣ តោន គិតជាទឹកប្រាក់ចំនួន  ២៧.៤២ លានដុល្លារសហរដ្ឋអាមេរិក។

ចំពោះប្រភេទអង្ករ បាននាំចេញអង្ករក្រអូបចំនួន ៧០.៦៣% ប្រភេទអង្ករស ធម្មតា​ ២៥.០៧% អង្ករចំហ៊ុយ ២.៥៧% អង្ករសរីរាង្គចំនួន ១.៤៨%  និងអង្ករផ្សេងៗចំនួន ០.២៥% ។

គួរបញ្ជាក់ដែរថា បើតាមការបញ្ជាក់បន្ថែមពីសហព័ន្ធស្រូវអង្ករកម្ពុជា ៦ខែ នៃឆ្នាំ២០២៤នេះ ប្រទេសកម្ពុជា ក៏បាននាំចេញស្រូវចំនួន ២,៥២៨,០១១តោនស្រូវសើម ដោយគិតជាទឹកប្រាក់បានប៉ាន់ប្រមាណជាង ៧២៧.៣៦ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ៧៥% បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ចផងដែរ៕  អត្ថបទ៖ រង្សី