សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដោយមានការគាំទ្រពីធនាគារជាតិនៃកម្ពុជា បានរៀបចំសិក្ខាសាលាថ្នាក់តំបន់ ឆ្នាំ២០២៤ ក្រោមប្រធានបទ«ស្តីពីអភិបាលកិច្ចរបស់គ្រឹះស្ថានហិរញ្ញវត្ថុ ក្នុងការធានាប្រសិទ្ធភាពនៃ ប្រតិបត្តិការប្រកបដោយចីរភាព ការទទួលខុសត្រូវ និងបរិយាបន្ន»ដល់ប្រធានសាខាទាំង២សមាគម។

ថ្លែងក្នុងសិក្ខាសាលា លោកស្រី ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានមានប្រសាសន៍ថា៖ «ឆ្នាំ២០២៤នេះគឺជាឆ្នាំទី៣ របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ចំពោះការរៀបចំសិក្ខាសាលាថ្នាក់តំបន់។ កាលពីឆ្នាំ២០២២ និង ២០២៣ ការរៀបចំគឺផ្តោតទៅលើស្ថាប័នដែលជាសមាជិករបស់របស់សមាគមមីក្រូហិរញ្ញវត្ថុប៉ុណ្ណោះ ប៉ុន្តែសម្រាប់ឆ្នាំ២០២៤ សិក្ខាសាលារបស់យើងគឺផ្តោតទៅលើសមាជិកដែលមកពីសមាគមទាំង២ ដោយពង្រឹងទៅលើប្រតិបត្តិការអាជីវកម្មប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ លើកកម្ពស់កិច្ចការពារអតិថិជន ដើម្បីចូលរួមចំណែកធានាបាននៅនិរន្តរភាពនិងភាពធន់របស់វិស័យ ស្របតាមយុទ្ធសាស្រ្តជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥»។

លោកស្រី បានបន្ថែមថា៖ «សមត្ថភាពគ្រប់គ្រង និងដឹកនាំរបស់ប្រធានសាខា គឺជាកត្តាចាំបាច់ក្នុងការជំរុញប្រសិទ្ធភាពប្រតិបត្តិការសាខា និរន្តភាពរបស់គ្រឹះស្ថាន និងអតិថិជន។ លើសពីនេះទៅទៀត ប្រធានសាខានីមួយៗ ជាអ្នកដឹកនាំធ្វើឲ្យគ្រឹះស្ថានមានកេរិ៍តឈ្មោះល្អ តាមរយៈការដឹកនាំក្រុមការងាររបស់ខ្លួនដោយផ្ទាល់ ក្នុងប្រតិបត្តិការផ្តល់សេវាហិរញ្ញវត្ថុ ប្រាស្រ័យទាក់ទង និងបម្រើសេវាជូនអតិថិជនផ្ទាល់ដោយក្រមសីលធម៌ វិជ្ជាជីវៈ។ ដើម្បីបំពេញតួនាទីនិងភារកិច្ចនេះប្រកបដោយប្រសិទ្ធភាព ប្រធានសាខាឬថ្នាក់ដឹកនាំសាខាត្រូវស្វែងយល់ឲ្យបានទូលំទូលាយនូវបទដ្ឋានគតិយុត្ត ច្បាប់ និងបទបញ្ញត្តិផ្សេងៗដែលពាក់ព័ន្ធ ការវិវត្ត ឱកាស និងកត្តាគំរាមកំហែងផ្សេងៗក្នុងការធ្វើប្រតិបត្តិការអាជីវកម្ម។
សូមជម្រាបជូនថា សិក្ខាសាលាទាំងនេះរៀបចំឡើងក្នុងគោលបំណងបញ្ជ្រាបចំណេះដឹងជូនប្រធានសាខា អំពីការទទួលខុសត្រូវសំខាន់ៗ ក្នុងការធ្វើប្រតិបត្តិការធនាគារប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈសំដៅពង្រឹងភាពធន់នៃវិស័យធនាគារនិងហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន។
លទ្ធផល និងដំណោះស្រាយសំខាន់ៗមួយចំនួន ដែលទទួលបានពីអង្គសិក្ខាសាលា សមាគមទាំងពីរនឹងយកទៅពិភាក្សាបន្ត ដើម្បីដាក់ចេញជាវិធានការក្នុងការចូលរួម ពង្រឹងប្រសិទ្ធភាពប្រតិបត្តិការនិងការផ្តល់សេវាហិរញ្ញវត្ថុរបស់គ្រឹះស្ថានប្រកបដោយចីរភាពនិងបរិយាបន្ននិងជាធាតុចូលសម្រាប់ទិសដៅខាងមុខរបស់សមាគមទាំងពីរ៕ អត្ថបទ៖វិបុល


