គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ពីស្រែអំបិល-កោះកុង ប្រវែង ១៤៨គីឡូម៉ែត្រ សាងសង់បាន ៦២,១១%ហើយ ដោយគ្រោងបញ្ចប់នារដូវប្រាំងក្នុងឆ្នាំ ២០២៥ ខាងមុខនេះ។
លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី៩ ខែកក្កដា បានឱ្យដឹងថា គម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប១៤៨ គីឡូម៉ែត្រ ចាប់ពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចវឌ្ឍនភាពការងារសាងសង់ ៦២,១១% ហើយ ដោយគិតត្រឹមដើមខែកក្កដា ឆ្នាំ២០២៤នេះ។
ទន្ទឹងវឌ្ឍនភាព អ្នកនាំពាក្យរូបនេះ ក៏សុំការយោគយល់ និងអធ្យាស្រ័យខ្ពស់ ពីសំណាក់បងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរ និងប្រជាពលរដ្ឋរស់នៅតាមសងខាងផ្លូវដែលកំពុងសាងសង់ និងលើកកម្រិតគុណ ដោយមានកំណាត់ផ្លូវខ្លះ ត្រូវកែសម្រួលឱ្យកាន់តែប្រសើរឡើង និងមានសភាពបែកភក់ រអិលពិបាកធ្វើដំណើរ និងរំខានដល់ការរស់នៅ ប្រកបអាជីវកម្មប្រចាំថ្ងៃ ក្នុងដូវរវស្សាភ្លៀកធ្លាក់ជោគជាំនេះ ជាពិសេសនៅចំណុចចំណោតតាប៉ន ត្រង់គីឡូម៉ែតលេខ ១៤០ +៣០០-១៤០+៧០០ និងចំណុចបង្គោលអង់តែន៣ដើម ត្រង់គីឡូម៉ែត្រលេខ ១៣៧ -១៤០។
យ៉ាងណាមិញ លោកថា ក្រុមការងារការដ្ឋានតែងអន្តរាគមន៍បន្ទាប់ និងដោះស្រាយជាបណ្តោះអាសន្ន ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងបញ្ចៀសគ្រោះថ្នាក់ដោយប្រការយថាហេតុណាមួយពេលរអិលខ្លាំង។
បច្ចុប្បន្នគម្រោងលើកកម្រិតគុណភាពផ្លូវនេះ កំពុងដំណើរការយ៉ាងមមាញឹកលើការងារអ៊ុត AC ដោយគ្រោងនឹងបញ្ចប់នៅរដូវប្រាំង នាឆ្នាំ២០២៥ខាងមុខនេះ។នេះបើតាមការបញ្ជាក់បន្ថែមលោក ផន រឹម។
គួររំលឹកដែរថា គម្រោងសាងសង់ផ្លូវជាតិលេខ៤៨នេះ មានប្រវែងសរុប១៤៨គីឡូម៉ែត្រ ត្រង់ចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ PK ១៤១+៧៥០ (ចំការហ្លួង-ស្រុកស្រែអំបិល) រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលបានបើកការដ្ឋានសាងសង់នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ដោយប្រើប្រាស់ថវិកាប្រមាណ ៧៨លានដុល្លារ៕ អត្ថបទ៖ រង្សី