កសិករជោគជ័យក្នុងស្រុកឯកភ្នំ ចង់ជំរុញសុវត្ថិភាពអាហារក្នុងសហគមន៍ តាមរយៈការធ្វើកសិកម្មបែបថ្មី

សង្គម​ និង​សេដ្ឋកិច្ច

លោក នឹម ឈៀង កសិករ រស់នៅក្នុងភូមិស្ដីក្រោម ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្ដបាត់ដំបង បានបង្ហាញមហិច្ឆតារបស់ខ្លួន ដោយចង់ជំរុញ និងរួមចំណែកធានាសុវត្ថិភាពស្បៀងអាហារនៅក្នុងសហគមន៍ តាមរយៈការអនុវត្តន៍ប្រព័ន្ធកសិកម្មបែបថ្មី ដែលហៅថា«កសិអេកូឡូស៊ី»

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការបង្ហាញពីបំណងចង់ជំរុញសុវត្ថិភាពស្បៀងអាហារនៅក្នុងសហគមន៍ដូច្នេះ គឺស្របពេលដែលលោកបានកត់សម្គាល់ឃើញថា ប្រជាពលរដ្ឋ ពិសេសកុមារកម្ពុជា កំពុងប្រឈមនឹងបញ្ហាសុខភាពដែលបណ្តាលមកពីការបរិភោគចំណីអាហារគ្មានសុវត្ថិភាព។

កសិករវ័យ៧០ឆ្នាំ លោក នឹម ឈៀង បានឱ្យដឹងថា បើនិយាយដល់ការធ្វើកសិកម្មបែបកសិអេកូឡូស៊ី គឺការអនុវត្តន៍ប្រព័ន្ធកសិកម្មចម្រុះ លើផ្ទៃដីផលិតកម្មតែមួយដែលមានដំណាំចម្រុះច្រើនមុខ ដូចជា ដាំបន្លែ ដាំឈើហូបផ្លែ ដាំរុក្ខជាតិចម្រុះ ការចិញ្ចឹមត្រី ចិញ្ចឹមសត្វ ការធ្វើជីកំប៉ុស សម្រាប់កែលម្អ ឬបង្កើនជីជាតិដីជាដើម ដែលកសិករគ្រប់គ្នាសុទ្ធតែអាចមានលទ្ធភាពក្នុងការអនុវត្ត ដើម្បីបង្កើនលទ្ធភាពនៃសេដ្ឋកិច្ចគ្រួសារ។

ថ្លែងទាំងក្តីរំភើប កសិកររូបនេះ បានបញ្ជាក់ថា ការដាំបន្លែបែបធម្មជាតិចម្រុះ តាមប្រព័ន្ធកសិអេកូឡូស៊ីនេះ  ធ្វើឱ្យមានប្រាក់ចំណូលច្រើន មិនប៉ះពាល់ដល់សុខភាព និងងាយស្រួលលក់។  បើនិយាយដល់ បន្លែ ដំណាំឈើហូបផ្លែ និងដើមឈើធម្មជាតិចម្រុះដែលលោក បានដាំនៅលើដីប្រមាណជាង៣ហិចតាមិនក្រោម១០០មុខនោះឡើយ។

លោក នឹម ឈៀង បានបញ្ជាក់ពីមូលហេតុចំបងដែលជំរុញលោកឱ្យអនុវត្តន៍កសិកម្មបែបថ្មីនេះ ដូច្នេះថា៖« បច្ចុប្បន្ន ការប្រើប្រាស់ជីគីមី ឬថ្នាំគីមីទៅលើដំណាំ និងបន្លែបង្ការ ហាក់មានភាពទូលំទូលាយ ដែលជាហេតុមិនសូវមានសុវត្ថិភាពសម្រាប់អ្នកបរិភោគប៉ុន្មាននោះទេ ព្រោះកាលណាយើងហូបចំណីអាហារ បន្លែបង្ការដែលគ្មានសុវត្ថិភាព និងធ្វើឱ្យយើងមានជំងឺច្រើនមុខ ពិសសេជំងឺទឹកនោមផ្អែម លើសឈាមជាដើម»។

ជាថ្មីម្តងទៀត កសិកររូបនេះ ក៏បានអំពាវនាវនឹងសំណូមពរឱ្យប្រជាពលរដ្ឋងាកមកដាំដុះបន្លែចម្រុះបែបកសិអេកូឡូស៊ី ពិសេសចូរបរិភោគចំណីអាហារដោយប្រុងប្រយ័ត្នខ្ពស់។

ជុំវិញការលើកឡើងនេះដែរ លោក រឿម រចនា តំណាងសមាគមន៍និរន្ដរភាពដីដើម្បីជីវិត (SSLA) បានឱ្យដឹងថា បើនិយាយទៅដល់ កសិអេកូឡូស៊ីគឺជាបច្ចេកទេសនៃការធ្វើការកសិកម្ម ដោយធានាបាននូវនិរន្តភាព និងបរិស្ថាន​កាន់តែល្អប្រសើរ សម្រាប់តទៅកូនចៅជំនាន់ក្រោយ។

ដោយលោកបានបន្តថា៖« ប្រព័ន្ធកសិកម្ម​កសិអេកូឡូស៊ី គឺអាចអនុវត្តបាននៅគ្រប់ប្រភេទដីផ្សេងៗ និង​គ្រប់ប្រភេទកសិករ ទាំងខ្នាតតូច ខ្នាតមធ្យម និងខ្នាតធំ ខណៈលោកក៏លើកទឹកចិត្តដល់កសិករនៅតាមបណ្តាខេត្តផ្សេងទៀត អនុវត្តការធ្វើកសិកម្មតាមបែប​​កសិអេកូឡូស៊ីនេះផងដែរ ដើម្បីកាត់បន្ថយការប្រើប្រាស់ជីគីមីសម្រាប់ការធ្វើស្រែឬចម្ការ ពិសេសលើកកម្ពស់សុខភាពអ្នកបរិភោគ»។

ជាមួយគ្នានេះដែរ លោក ប៉ាត សុវណ្ណ អ្នកសម្របសម្រួលបណ្ដាញកសិអេកូឡូស៊ី (ALiSEA) នៃអង្គការ ហ្រ្គេត (GRET) នៅកម្ពុជា ក៏បានឱ្យដឹងដែរថា ការធ្វើកសិកម្ម តាមបែបកសិអេកូឡូស៊ី ដែលជាបច្ចេកទេស​នៃការធ្វើកសិកម្មថ្មីមួយ ​ជួយឱ្យកសិករទទួលបានផលចំណេញច្រើនជាងការធ្វើការកសិកម្មបែបចាស់ ហើយការអនុវត្តកសិកម្មតាមបែប​កសិអេកូឡូស៊ីនេះ ក៏​នឹងធានាបាននូវសន្តិសុខស្បៀង​ និងសុវត្ថិភាពចំណីអាហារនៅក្នុងសហគមន៍ ​និងធានាបានប្រាក់ចំណូលទៀងទាត់សម្រាប់កសិករផងដែរ។

សូមរម្លឹកដែរថា កម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសបីទៀតនៅអាស៊ាន ដែលបានបង្កើតជាបណ្តាញកសិកអេកូឡូស៊ី (ALISEA) ដើម្បីជំរុញកសិករឱ្យងាកមកធ្វើកសិកម្មតាមបែបកសិអេកូឡូស៊ី ដែលជាប្រព័ន្ធកសិកម្មបែបថ្មី នឹងជួយឱ្យដីកាន់តែមានគុណភាពល្អ រក្សាទិន្នផលដំណាំ និងមិនពឹងផ្អែកតែលើទីផ្សារដំណាំមួយមុខ។ បច្ចុប្បន្នបណ្តាញ ALiSEA នៅកម្ពុជា មានសមាជិកប្រមាណ៧៧ស្ថាប័ន បានសហការជាមួយកាស៊ីក ដើម្បីគាំទ្រដល់ការធ្វើកសិកម្ម តាមបែបកសិអេកូឡូស៊ីនៅកម្ពុជា៕ អត្ថបទ៖ រង្សី