ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៤នេះ ការនាំចេញកសិផលទៅក្រៅប្រទេសដែលអគ្គនាយកដ្ឋានកសិកម្មទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) មានបរិមាណសរុប ៥ ៧៧៧ ៦៤០,១៦តោន ក្នុងនោះកសិផលក្រៅពីស្រូវអង្ករមានចំនួន ៣ ៧០៣ ២៧៣,១៦តោន អង្ករចំនួន ៣០២ ៥៩២តោន និងស្រូវចំនួន ១ ៧៧១ ៧៧៥តោន ទៅកាន់ទិសដៅ ៧៧ប្រទេស ដោយមានការកើនឡើងចំនួន ៦៣,៨៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។

របាយការណ៍ដដែលនេះ បានឱ្យដឹងថា ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៤ ការប៉ាន់ស្មានតម្លៃគិតជាទឹកប្រាក់ ដែលទទួលបានពីការនាំចេញកសិផល (ឯកតាតម្លៃផ្នែកតាមវិក្កយបត្ររបស់អ្នកនាំចេញ) មានចំនួន ២ ៦៩២ ៦៦១ ១១៧,៦០ដុល្លារអាមេរិក ដែលក្នុងនោះតម្លៃ ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ២ ០៦៣ ៣៨៥ ១៦៧,៦០ដុល្លារអាមេរិក តម្លៃពីការនាំចេញអង្ករមាន ចំនួន ២៥៧ ២០៣ ២០០ដុល្លារអាមេរិក និងតម្លៃពីការនាំចេញស្រូវមានចំនួន ៣៧២ ០៧២ ៧៥០ដុល្លារអាមេរិក។
កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ការនាំចេញផលិតផលកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិនេះ មានការកើនឡើងគួរឱ្យកត់សម្គាល់។ សម្រាប់មុខទំនិញកសិកម្មសំខាន់ៗដែលបាននាំចេញមានដូចជា៖ ស្រូវ អង្ករ កៅស៊ូ ដំឡូងមី ស្វាយ ចេកស្រស់ ម្រេច គ្រាប់ស្វាយចន្ទី ពោត សណ្តែក ប្រេងដូង ចំណិតដំឡូងមីក្រៀម ផ្លែមៀនស្រស់ និងកសិផលជាង៧៧មុខផ្សេងទៀតផងដែរ។

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មរូបនេះ បានបញ្ជាក់ថា ទិសដៅនៃការនាំចេញអង្ករកម្ពុជា ក្នុងខែមករា ដល់ខែឧសភា ឆ្នាំ២០២៤ បាននាំចេញទៅកាន់ទីផ្សារធំៗចំនួន៤ គឺ សមាជិកសហភាពអឺរ៉ុប (EU) ១២១,០៨៩តោន, ប្រទេសចិន ៧៤,៣០៣តោន, សមាជិកអាស៊ាន ៦២,០៨១តោន និងទិសដៅផ្សេងទៀតចំនួន ៤៥,១១៩តោន។
ជាមួយគ្នានេះ កញ្ញា អ៊ឹម រចនា បានបញ្ជាក់ផងដែរថា មានក្រុមហ៊ុនជាង៤៩ក្រុមហ៊ុន បាននិងកំពុងធ្វើការនាំចេញអង្ករកម្ពុជា ហើយក្រសួងនឹងរៀបចំគោលដៅផែនការបន្ថែមទៀត ដើម្បីធ្វើការនាំចេញផលិតផលកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ កាន់តែច្រើនឡើងបន្ថែមទៀត៕