សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសដាក់ឱ្យប្រើប្រាស់គោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីឆ្នាំ«២០២៤-២០៣០» ជាផ្លូវការ ដើម្បីឆ្លើយតបទៅនឹងនិន្នាការតំបន់ និងសកលក្នុងវិស័យយានយន្តអគ្គិសនីឱ្យកាន់តែប្រសើរ។

បើយោងតាមសេចក្តីសម្រេចស្តីពីដាក់ឱ្យប្រើប្រាស់គោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីឆ្នាំ«២០២៤-២០៣០» ដែលផ្សាយចេញនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា គឺជាកិច្ចការបន្ទាន់និងចាំបាច់ ដើម្បីបង្កើតជន្ទល់ថ្មីៗនៃកំណើន និងការធ្វើបរិវត្តកម្មឆ្ពោះទៅរកឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ជាងមុនដូចជា ការកែច្នៃ ការផលិត គ្រឿងអេឡិចត្រូនិក ការផ្តុំនិងការដំឡើងយានយន្ត និងឧស្សាហកម្មដែលប្រើប្រាស់បច្ចេកវិទ្យាកាន់តែទំនើប ព្រមទាំងឈានទៅសម្រេចបាននូវអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។
ក្នុងស្មារតីនេះ សម្តេចធិបតី បានបន្តថា រាជរដ្ឋាភិបាលរំពឹងយ៉ាងមុតមាំថា “គោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យ យានយន្តអគ្គិសនី២០២៤-២០៣០” ដែលត្រូវបានដាក់ចេញក្នុងពេលនេះ នឹងដើរតួនាទីជាផែនទីបង្ហាញ ផ្លូវនិងជាកម្លាំងចលករដ៏មានប្រសិទ្ធភាពសម្រាប់តម្រង់ទិសដល់ការវិនិយោគ ការជំរុញការប្រើប្រាស់និង ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីយានយន្តអគ្គិសនីជាជំហានៗ ផ្អែកលើយន្តការទីផ្សារ និងទៅតាមលទ្ធភាពនិង ធនធានរបស់រាជរដ្ឋាភិបាល ស្របនឹងនិន្នាការតំបន់ និងសកល ដើម្បីកសាងភាពធន់ដ៏រឹងមាំនៃសង្គម សេដ្ឋកិច្ចកម្ពុជា។
ជាថ្មីម្តងទៀត ជាមួយនឹងការអនុម័តដាក់ឱ្យអនុវត្តជាផ្លូវការនូវ “គោលនយោបាយជាតិស្តីពីការ អភិវឌ្ឍវិស័យយានយន្តអគ្គិសនី២០២៤-២០៣០” សម្តេចធិបតី ក៏សូមស្នើគ្រប់ក្រសួង ស្ថាប័ន និងតួអង្គពាក់ព័ន្ធ ត្រូវបន្តចូលរួមអនុវត្តបណ្តាវិធានការដែលមានចែងនៅក្នុងគោលនយោបាយនេះ ប្រកបដោយស្មារតី ទទួលខុសត្រូវ និងកិច្ចសហការខ្ពស់ សំដៅធានាសម្រេចបានជោគជ័យនិងលទ្ធផលជាក់ស្តែង តាមការរំពឹងទុក៕ អត្ថបទ៖ រង្សី

