ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា ជារៀងរាល់ឆ្នាំ ដោយគិតចាប់ពីឆ្នាំ២០២៤ នេះតទៅ និងជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលនឹងរៀបចំឲ្យមានការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ ខណៈសម្តេចធិបតីថា ព្រឹត្តិការណ៍ប្រកួតនេះ នឹងរួមចំណែកមួយយ៉ាងសំខាន់ ក្នុងការថែរក្សានិងអភិរក្ស ក្បាច់គុនបុរាណខ្មែរ។
ថ្លែងក្នុងពិធីបើកជាផ្លូវការ “ការប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីលើកទី២” កាលថ្ងៃទី១១ កក្កដា ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណេត បានប្រកាសឱ្យមានការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចធិបតី” ដោយបើកចំហទូលំទូលាយ ដល់អ្នកហាត់គុនខ្មែរបុរាណគ្រប់ប្រភេទ គ្រប់ទម្រង់ គ្រប់ក្បាច់គុន និងគ្រប់ទិសទី ទាំងសញ្ជាតិខ្មែរ និងបរទេស អាចចូលរួមប្រកួតបានទាំងអស់។
ដោយសម្តេចធិបតី បានបន្តថា៖«ចាប់ពីឆ្នាំ២០២៤ នេះតទៅ និងជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលនឹងរៀបចំឲ្យមានការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ ហើយព្រឹត្តិការណ៍ប្រកួតនេះមិនត្រឹមតែផ្ដល់ឱកាសឱ្យអ្នកហាត់គុនខ្មែរបុរាណគ្រប់ប្រភេទ គ្រប់ទម្រង់ គ្រប់ក្បាច់គុន និងគ្រប់ទិសទីអាចបញ្ចេញសមត្ថភាពរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសសម្រាប់លើកទឹកចិត្តដល់ការស្រាវជ្រាវ ចងក្រង និងបង្ហាញនូវភាពសម្បូរបែបនៃក្បាច់គុនបុរាណខ្មែរ ដែលបុព្វបុរសបានកសាងនិងបន្សល់ទុក ដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយ ក៏ដូចជាជនជាតិបរទេស បានឃើញនិងបានស្គាល់ផងដែរ»។
ជាមួយគ្នានេះ សម្តេចធិបតី បានគូសបញ្ជាក់ថា វិស័យកីឡាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និង បានដើរតួនាទីយ៉ាងសំខាន់ ទាំងនៅកម្ពុជា និងសកលលោក ដោយកីឡាទទួលបាននូវការចាប់អារម្មណ៍ និងគាំទ្រ កាន់តែច្រើនពីសំណាក់មហាជន គ្រប់ស្រទាប់វណ្ណៈ ដោយមិនគិតពីពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ។
ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ លើការអភិវឌ្ឍវិស័យកីឡា ដើម្បីបង្កលក្ខណៈល្អប្រសើរ សម្រាប់បងប្អូនប្រជាពលរដ្ឋទូទៅ ក្នុងការលេងកម្សាន្ត និងពង្រឹងសមត្ថភាពកីឡាករ កីឡាការិនី ឱ្យកាន់តែខ្លាំងពូកែ ក្នុងការប្រកួតដណ្តើមយកជ័យជម្នះ ក្នុងព្រឹត្តិការណ៍កីឡាធំៗ៕
អត្ថបទ៖ រង្សី