បច្ចុប្បន្នុក្រុមហ៊ុន២៣ បានបោះផ្សាយលក់មូលបត្ររបស់ខ្លួន ប្រមូលបានសាច់ប្រាក់ ៣៨៩លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច


សព្វថ្ងៃនេះមានក្រុមហ៊ុនចំនួន២៣​ បានបោះផ្សាយលក់មូលបត្រ និងចុះបញ្ជីទីផ្សារ។ ក្រុមហ៊ុនចំនួន២៣នេះ ប្រមូលបានសាច់ប្រាក់សរុប៣៨៩លានដុល្លារ។ នេះបើតាមការឱ្យដឹងរបស់លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ស៊ូ សុជាតិ បានមានប្រសាសន៍ឱ្យដឹងថា ក្នុងចំណោមក្រុមហ៊ុន២៣នេះ មានក្រុមហ៊ុនចំនួន១១បានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និងចំនួន១២ បានបោះផ្សាយលក់សញ្ញាបណ្ណដែលជាមូលបត្របំណុល​ ដោយក្នុងនោះរួមមានទាំងសញ្ញាបណ្ណបៃតង និងសញ្ញាបណ្ណចីរភាពផងដែរ។

អគ្គនាយកនិយ័តករមូលបត្រកម្ពុជាបានលើកឡើងថា នេះជាមោទនភាពមួយសម្រាប់ប្រទេសកម្ពុជា ថ្វីដ្បិតតែចាប់ផ្តើមទីផ្សារក្រោយគេ ជាទីផ្សារមួយតូច ក្មេងខ្ចី ប៉ុន្តែដំណើរការនៃការអភិវឌ្ឍវិស័យនេះគឺដើរទន្ទឹមនឹងនិន្នាការថ្នាក់តំបន់និងនិន្នាការសាកលលោក។

លោកបានកត់សម្គាល់ថា គិតមកដល់ថ្ងៃនេះនិយ័តករកម្ពុជាបានផ្តល់អាជ្ញាបណ្ណនៃការអនុញ្ញាត ការទទួលស្គាល់ដល់ក្រុមហ៊ុនធ្វើអាជីវកម្ម និងសេវាក្នុងវិស័យមូលបត្រសរុប១៣០ក្រុមហ៊ុន។ គិតត្រឹមត្រីមាសទីពីរឆ្នាំ២០២៤ ទំហំមូលធននីយកម្មទីផ្សារសរុបមានតម្លៃប្រហែល១១,២២ប៊ីលានរៀល ប្រមាណ២.៧៣ ពាន់លានដុល្លារស្មើនឹង៨.៧៥ភាគរយ ធៀបនឹងផលិតផលក្នុងស្រុកសរុប(GDP)។ ទំហំជួញដូរសរុបមានរហូតដល់ជាង១០លានភាគហ៊ុននិងតម្លៃនៃការជួញដូរមូលបត្រ សរុបមាន១២.៩០ លានដុល្លារ »។

លោក ស៊ូ សុជាតិ គូសបញ្ជាក់ថា ទំហំជួញដូរប្រចាំថ្ងៃជាមធ្យមមានចំនួន១៧៩ពាន់ភាគហ៊ុនក្នុង១ថ្ងៃ តម្លៃជួញដូរហ៊ុនប្រចាំថ្ងៃជាមធ្យមមានប្រហែលជាង២១ម៉ឺនដុល្លារ ប៉ុន្តែកន្លងមកមានថ្ងៃខ្លះហក់ឡើងដល់ជាងកន្លះលានដុល្លារផងដែរ៕ អត្ថបទ៖ សុភក្ត្រា