ប្រមុខរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដើម្បីរួមចំណែកប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់ យើងចាំបាច់មានប្រព័ន្ធអេកូទិន្នន័យរឹងមាំមួយដែលមានសសរស្ដម្ភសំខាន់ៗចំនួន៣រួមមាន៖
១. ទំនើបភាវូបនីយកម្មហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ និងឌីជីថលភាវូបនីយកម្ម តាមរយៈការវិនិយោគ បន្ថែមទៅលើហេដ្ឋារចនាសម្ព័ន្ធដែលទំនើប និងធនធានមនុស្សដែលអាចឱ្យយើងប្រមូល រក្សាទុក និងវិភាគទិន្នន័យប្រកបដោយប្រសិទ្ធភាព ត្រឹមត្រូវ និងដែលអាចយកមកប្រើប្រាស់បាន។
ចំពោះ សសរស្តមទី២ សម្តេចធិបតី លោកឡើងថា គឺការបណ្តុះបណ្តាលអក្ខរកម្មទិន្នន័យ តាមរយៈការបង្កើនសមត្ថភាពដល់ប្រជាពលរដ្ឋ ក្នុងការយល់ដឹង និងប្រើប្រាស់ទិន្នន័យឱ្យបានត្រឹមត្រូវ។ ការជំរុញអក្ខរកម្មទិន្នន័យនេះ អាចផ្តល់លទ្ធភាពដល់ ប្រជាពលរដ្ឋឱ្យយល់ដឹងពីស្ថានភាពរបស់ខ្លួន គ្រួសារ និងសហគមន៍ ដើម្បីស្វែងរកការគាំទ្រ និង ចូលរួមរៀបចំអនាគតសហគមន៍របស់ខ្លួន។
និងទី៣វិញ. សម្តេចធិបតី បញ្ជាក់ថា គឺការលើកកម្ពស់ក្រមសីលធម៌ទិន្នន័យតាមរយៈការធ្វើឯកជនភាពទិន្នន័យ ដោយប្តេជ្ញាអនុវត្ត ការការពារសិទ្ធិយ៉ាងមុតមាំ ដូចជាច្បាប់ការពារទិន្នន័យតឹងរ៉ឹង និងសុវត្ថិភាពប្រព័ន្ធរក្សាទុកទិន្នន័យ ដើម្បីការពារឯកជនភាពនៃពលរដ្ឋកម្ពុជាគ្រប់រូប។ កិច្ចការនេះ លើកកម្ពស់ទំនុកចិត្ត និងធានានូវ ការប្រើប្រាស់ទិន្នន័យប្រកបដោយការទទួលខុសត្រូវខ្ពស់។
ក្នុងនាមប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី មានជំនឿថា កម្ពុជានឹងមានអនាគតត្រចះត្រចង់ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ខណៈសម្តេចថា តាមរយៈការទាញយកប្រយោជន៍ពីអានុភាពនៃទិន្នន័យ យើងនឹងអាចកសាងកម្ពុជាទៅជាប្រទេសដែលមិនត្រឹមតែពោរពេញទៅដោយវិបុលភាពប៉ុណ្ណោះនោះទេ ថែមទាំងជាសង្គមដែល មានភាពធន់និងមានសមធម៌ផងដែរ។ ក្នុងន័យនេះ សម្តេច ក៏ស្នើឱ្យរួមគ្នាបន្តដំណើរជាមួយគ្នា ដើម្បីកសាងប្រទេសកម្ពុជាដែលរឹងមាំ និងប្រកបដោយបរិយាបន្នសម្រាប់ទាំងអស់គ្នា៕ អត្ថបទ៖ រង្សី