គិតត្រឹមរយៈពេល៦ ខែ ពោលពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៤ មានភ្ញៀវទេសចរណ៍ ជិត២ម៉ឺននាក់ បានឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ ខណៈចំនួននេះគឺកើនឡើងប្រមាណ ៧០% បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
យោងតាមហ្វេសប៊ុកផ្លូវការរបស់កំពង់ផែស្វយ័តភ្នំពេញ កាលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា៖« ភ្ញៀវទេសចរណ៍ឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញមានចំនួន ១៧ ៩០៨ នាក់ សម្រាប់រយៈពេល ៦ ខែដើមឆ្នាំ២០២៤ នេះ ពោលចំនួននេះ គឺមានការកើនឡើងប្រមាណ ៧០% ធៀបនឹងរយៈពេល ៦ ខែដើមឆ្នាំ២០២៣កន្លងទៅ»។
សូមរម្លឹកដែរថា បើតាមបាយការណ៍របស់កំពង់ផែស្វយ័តភ្នំពេញ កាលពីពេលថ្មីៗនេះ បានបង្ហាញដែរថា បើគិតត្រឹមរយៈពេល ៥ខែ នៃឆ្នាំ២០២៤កន្លងទៅនេះវិញ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានជាង ១៤,៤១លានដុល្លារ កើនឡើងប្រមាណ ១០% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣ ដែលមានទឹកប្រាក់ ១៣,១១លានដុល្លារ។
ដោយចំណូលក្នុង៥ខែនោះ រួមមានចំណូលពីប្រតិបត្តិការផែ(Port Operation) មានចំនួនជាង ១១,៦៨លានដុល្លារ, ចំណូលពីអាជ្ញាធរផែ (Port Authority) មានចំនួនជាង ២,០៩ លានដុល្លារ និងចំណូលពីសេវាកម្មផ្សេងៗ (Other Services) ក្នុងទំហំទឹកប្រាក់ជាង ៦៣៧ ពាន់ដុល្លារ។
ជាងនេះទៀត ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៤នេះដែរ កំពង់ផែស្វយ័តភ្នំពេញ ទទួលបានបរិមាណទំនិញ-ប្រេងឥន្ធនៈឆ្លងកាត់ប្រមាណ ១ ៧៩២ ៥៤៧តោន កើនឡើងជាង៧%, បរិមាណកុងតឺនឺរឆ្លងកាត់ ១៦០ ០៣៨ TEU កើនឡើងជាង១៤%, បរិមាណនាវាសរុប ១ ២៨០គ្រឿង ថយចុះ ១៩%, បរិមាណនាវាដឹកអ្នកដំណើរឆ្លងកាត់ ៣០៣គ្រឿង កើនឡើង ៣៨%, និងចំនួនអ្នកដំណើរឆ្លងកាត់ ១៧ ៩៣៥នាក់ កើនឡើងជាង៦៧%៕ អត្ថបទ៖ រង្សី