ការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅក្រៅប្រទេសឆ្នាំ២០២៤នេះ ត្រូវបានព្យាការណ៍ថាកើនដល់៧៥ម៉ឺនតោន គិតជាទឹកប្រាក់លើស១ពាន់លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

សមាគមស្វាយចន្ទីកម្ពុជា បានព្យាករណ៍ថា ឆ្នាំ២០២៤នេះ កម្ពុជានឹងផលិតគ្រាប់ស្វាយចន្ទីឆៅបាន ៨៥០ ០០០តោន ក្នុងនោះនាំចេញទៅក្រៅប្រទេសប្រមាណ ៧៥០ ០០០តោន អាចរកចំណូលបានលើស ១ពាន់លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងបន្តថា នាំចេញទៅក្រៅប្រទេស ៧៥០ ០០០តោន ដែលអាចរកចំណូលបានលើស ១ពាន់លានដុល្លានេះ ខណៈផលិតកម្មស្វាយចន្ទីពិភពលោកបានធ្លាក់ចុះប្រមាណ​៣០ភាគរយ។

លើសពីនេះ ការនាំចេញទៅវៀតណាមច្រើនជាងការរំពឹងទុកប្រមាណ ៧២០ ៨០០ តោន គិតជាទឹកប្រាក់ ៩២១ ៥០០​ ០០០ ដុល្លារ​ នាដើមខែមិថុនា ឆ្នាំ២០២៤នេះ។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានបញ្ជាក់ថា ដោយយោងតាមការអង្កេតដោយយកចិត្តទុកដាក់របស់សមាគមស្វាយចន្ទីកម្ពុជា បានព្យាការណ៍ថា ២០២៤នេះ កម្ពុជានឹងផលិតគ្រាប់ឆៅបាន ៨៥ម៉ឺនតោន ក្នុងនោះនាំចេញទៅក្រៅប្រទេសប្រមាណ៧៥ម៉ឺនតោន ដែលអាចរកចំណូលបានលើស ១ពាន់លានដុល្លារ។

លោកបញ្ជាក់បន្ថែមថា ដោយសារកាលខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ សមាគមបានចេញនៅសារជូនដំណឹងដល់សមាជិកសមាគមអំពីផលប៉ះពាល់នៃអែនីញូ បើសិនជាយើងមិនប្រឹងប្រែង មិនទប់ស្កាត់ទេ វានឹងអាចបាត់បង់ផល ចន្លោះពី១០ទៅ២០ ឬ៣០% ។ដូច្នេះ មកដល់ពេលនេះ ដំណោះស្រាយនេះប្រសិទ្ធភាពហួសពីការរំពឹងទុករបស់សមាគម ទើបមានការកើនឡើង។

បើតាមលោក អួន ស៊ីឡុត នៅក្នុងរយៈពេល៥ខែ ឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅសម្រេចបាន ៧១ ម៉ឺន ៦ ពាន់តោន ក្នុងនោះនាំចេញទៅប្រទេសវៀតណាមចំនួន ៦៦ ម៉ឺន ៧ ពាន់តោន កើនឡើង ៣៨ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣ ដែលគិតជាទឹកប្រាក់ប្រមាណ ៨៥១ លានដុល្លារ។

ពាក់ព័ន្ធនឹងរឿងនេះ កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានគូសបញ្ជាក់ឱ្យដឹងផងដែរថា សម្រាប់ដំណាំស្វាយចន្ទី ទីផ្សារធំជាងគេគឺប្រទេសវៀតណាម។តែពេលថ្មីៗនេះបានពិនិត្យវិភាគឃើញថា ការនាំចេញគ្រាប់ស្វាយចន្ទីស្រស់ទៅកាន់ប្រទេសវៀតណាម មានការថយចុះបន្តិច។

កញ្ញា បានបញ្ជាក់ថា កាលពីប៉ុន្មានឆ្នាំមុន គ្រាប់ស្វាយចន្ទីស្ទើរតែ៩៩ភាគរយ ហូរចេញទៅទីផ្សារបរទេសហើយភាគច្រើនទៅប្រទេសវៀតណាម។ រហូតមកដល់ពេលនេះ ការនាំចេញគ្រាប់ស្វាយចន្ទីស្រស់ទៅកាន់ទីផ្សារបរទេស ក៏ដូចជាប្រទេសវៀតណាមមានការថយចុះ តែយើងសង្កេតឃើញមាននិន្នាការកើនឡើងលើការកែច្នៃក្នុងស្រុក៕