ក្រុមមន្ត្រីជំនាញមកពីក្រសួង-ស្ថាប័ន និងតំណាងរដ្ឋបាលរាជធានី-ខេត្តពាក់ព័ន្ធជាច្រើនរូប កាលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ បានបន្តចុះពិនិត្យវឌ្ឍនភាពការងារ រៀបចំទីតាំងបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន ដែលនឹងបើកដ្ឋានសាងសង់នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។
ពិធីចុះពិនិត្យវឌ្ឍនភាពការងាររៀបចំទីតាំងត្រៀមប្រារព្ធពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោនេះ ស្ថិតនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្រោមការដឹកនាំដោយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ក្រសួងសាធារណការ បានឱ្យដឹងថា សម្រាប់ដំណើរការបើកជាផ្លូវការគម្រោងផ្លូវនាវាចរណ៍ដែលជាគម្រោងប្រវត្តិសាស្រ្តក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងក្រោមការបន្តដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ទៅលើគម្រោងនាវាចរណ៍នេះ គឺជាគម្រោងដ៏មានមោទកភាពរបស់ប្រជាពលរដ្ឋគ្រប់រូប និងគ្រប់និន្នាការនយោបាយ ហើយមកទល់ពេលនេះញ គ្រប់គណៈកម្មការទាំងអស់ត្រៀមរួចរាល់លើការងារនេះដោយសម្រេចបានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ដើម្បីប្រាកដថាដំណើរការបើកការដ្ឋានព្រែកជីកហ្វូណនតេជោដំណើរការរដោយរលូនតាមការគ្រោងទុក។
គួរបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវរដ្ឋាភិបាល ចាត់ទុកថា គម្រោងនេះ នឹងក្លាយជាផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ដ៏សំខាន់ ដោយតភ្ជាប់ផ្លូវទឹករវាងទន្លេរទៅកាន់សមុទ្រកម្ពុជា ឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប និងមានប្រវែង១៨០គីឡូម៉ែត្រ ខណៈគម្រោងគ្រោងចំណាយទុនសាងសង់ប្រមាណ ១,៧០០លានដុល្លារអាមេរិក។
សូមជម្រាបដែរថា គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានកំណត់ពិធីបើកការដ្ឋាននៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៩ និង៩នាទីព្រឹក ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត។ ខណៈនៅថ្ងៃបើកការដ្ឋាននោះដែរ ក្រសួងធម្មការ និងសាសនា ក៏បានណែនាំដល់មន្ទីរធម្មការនិងសាសនាទូទាំងប្រទេស សហការជាមួយគ្រប់វត្តអារាម រៀបចំ វាយគង ជួង រតាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក ដោយបន្លឺជាសំឡេងឱ្យបានកងរំពង ដើម្បីឱ្យបរិស័ទទាំងអស់បានចូលរួមអបអរសាទរឱ្យបានឱឡារិកអធិកអធម៕ អត្ថបទ៖ រង្សី