ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រេចកំណត់យកថ្ងៃទី១៩ ខែមីនា រៀងរាល់ឆ្នាំ ដើម្បីប្រារព្ធ ជាទិវាជាតិសង្គមកិច្ច។
យោងតាមអនុក្រឹត្យ ស្តីពី ទិវាជាតិសង្គមកិច្ច ដែលផ្សាយចេញនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កំណត់យកថ្ងៃទី១៩ ខែមីនា រៀងរាល់ឆ្នាំ ដើម្បីប្រារព្ធ ជាទិវាជាតិសង្គមកិច្ច គឺក្នុងគោលបំណង បង្កើនគុណតម្លៃនិងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីការងារសង្គមកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។
លើសពីនេះ សម្តេចធិបតីថា ក៏ដើម្បីគ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកនិង បរទេស គ្រឹះស្ថានអប់រំការងារសង្គមកិច្ច សមាគមអ្នកវិជ្ជាជីវៈសង្គមកិច្ចកម្ពុជា និងវិស័យឯកជន ចូលរួម បំផុសដល់សាធារណជនឱ្យយល់ដឹងអំពីការងារសង្គមកិច្ចនិងកម្លាំងសេវាសង្គមផងដែរ។
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវរៀបចំទិវាជាតិសង្គមកិច្ច ដោយសហការ ជាមួយទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួង ស្ថាប័នពាក់ព័ន្ធ សមាគមអ្នកវិជ្ជាជីវៈ សង្គមកិច្ចកម្ពុជា អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកនិងបរទេស ព្រមទាំងភាគីពាក់ព័ន្ធ។
តាមរយៈអនុក្រឹត្យខាងលើ សម្តេចធិបតី ក៏បានប្រកាសឱ្យរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕ អត្ថបទ៖ រង្សី