ក្រុមហ៊ុន BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សរបស់ប្រទេសចិន មានគម្រោងសាងសង់រោងចក្រដំឡើងយានយន្តអគ្គិសនីនៅកម្ពុជា ដែលអាចមានសមត្ថភាពដំឡើងរថយន្តចំនួន ២០ ០០០គ្រឿងក្នុងមួយឆ្នាំ។

ការបង្ហាញពីគម្រោងរបស់ក្រុមហ៊ុន BYDនេះ នៅក្នុងជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយលោក Liu Xueliang អគ្គនាយកក្រុមហ៊ុន BYD Asia Pacific Auto Sales Division នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ នាវិមានសន្តិភាព។
នាឱកាសនោះ ក្រុមហ៊ុន BYD Asia Pacific Auto Sales Division ក៏បានបង្ហាញពីគម្រោងដែលខ្លួនគ្រោងសាងសង់រោងចក្រដំឡើងយានយន្តអគ្គិសនីនៅកម្ពុជា ដែលអាចមានសមត្ថភាពដំឡើងរថយន្តចំនួន ២០ ០០០គ្រឿងក្នុងមួយឆ្នាំ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទីផ្សារអន្តរជាតិ ។

សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ធ្លាប់បានបង្ហើបឱ្យដឹងផងដែរពីការគ្រោងមកបោះទុន បង្កើតរោងចក្រដំឡើងយានយន្តអគ្គិសនីនៅកម្ពុជា របស់ក្រុមហ៊ុន BYDនេះថា ក្រុមហ៊ុន BYD ដែលល្បីខាងផលិតរថយន្តប្រើថាមពលអគ្គិសនី គ្រោងនឹងបើកដំណើរការរោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុននេះនៅកម្ពុជានាពេលឆាប់ៗខាងមុខ។
សូមជម្រាបជូនថា ក្រុមហ៊ុន BYD Asia Pacific Auto Sales Division ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៥ និងមានទីស្នាក់ការនៅក្រុង Shenzhen ប្រទេសចិន ។ នៅឆ្នាំ២០២២ ក្រុមហ៊ុន BYD បានផលិតរថយន្ត ចំនួន ៣លានគ្រឿង និងមានសាខានៅ៧០ប្រទេស ។
នៅទ្វីបអាស៊ី ក្រុមហ៊ុន BYD មានរោងចក្រផលិត និងដំឡើងរថយន្តនៅប្រទេសចិន ថៃ ឥណ្ឌា និងឥណ្ឌូណេស៊ី៕
