ក្រុមប្រឹក្សាស្តង់ដារជាតិ បានរៀបចំកិច្ចប្រជុំលើកទី២៨ ដើម្បីស្វែងរកវិធីសាស្ត្រជំរុញការនាំចេញផលិតផលកម្ពុជា ក្រោមការដឹកនាំរបស់លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាស្តង់ដារជាតិ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤។

ថ្លែងក្នុងកិច្ចប្រជុំ លោក ហែម វណ្ណឌី បានលើកឡើងថា “ស្តង់ដារជាតិមានសារៈសំខាន់បំផុត ក្នុងក្របខ័ណ្ឌនៃការនាំចេញ តាមរយៈការលើកកម្ពស់គុណភាព ការជំរុញផលិតកម្ម និងផលិតភាព។អាជីវកម្មមួយចំនួននៅតែយល់ថាស្តង់ដារជាបន្ទុក ដូច្នេះ បេសកកម្មរបស់ក្រុមប្រឹក្សាគឺត្រូវអភិវឌ្ឍស្តង់ដារជាតិសំខាន់ៗឱ្យបានច្រើន ដើម្បីគាំទ្រផលិតផលកម្ពុជា។
លោកក៏បានលើកទឹកចិត្តឱ្យគណៈកម្មាធិការតាមវិស័យ កំណត់គោលដៅអភិវឌ្ឍន៍ស្តង់ដារ ដោយធ្វើអាទិភាវូបនីយកម្ម ឬការរៀបតាមលំដាប់លំដោយនៃសេចក្តីត្រូវការសេដ្ឋកិច្ចក្នុងវិស័យនីមួយៗផងដែរ។ដោយលោកបានគូសបញ្ជាក់ថា «យើងផលិតបានច្រើន ប៉ុន្តែបើគ្មានស្តង់ដារទេ ទីផ្សាររបស់យើងនៅតែតូចចង្អៀត»។
ឆ្លៀតក្នុងឱកាសនោះ លោក ហែម វណ្ណឌី ក៏បានស្នើឱ្យក្រុមប្រឹក្សាស្តង់ដារជាតិពិនិត្យ និងកែលម្អស្តង់ដារដែលមានស្រាប់ ពិសេសស្តង់ដារដែលអនុម័តពីក្របខ័ណ្ឌអន្តរជាតិ ដែលអាចពិបាកអនុវត្តឱ្យបានពេញលេញក្នុងបរិបទកម្ពុជា។

ទន្ទឹមនឹងការពិភាក្សាអំពីវិធានផ្ទៃក្នុង, ដំណើរការនៃការអភិវឌ្ឍស្តង់ដារ, និងសមិទ្ធផលឆ្នាំ២០២៣, ក្រុមប្រឹក្សាស្តង់ដារជាតិ ក៏បានពិនិត្យអនុម័តសេចក្តីព្រាងស្តង់ដារសម្រាប់ស្រាអង្ករផងដែរ។ នេះជាកិច្ចខិតខំប្រឹងប្រែងបន្តរបស់ក្រុមប្រឹក្សា ក្នុងការលើកកម្ពស់គុណភាព និងការស្វែងរកទីផ្សារសម្រាប់ផលិតផលកម្ពុជា។
បើតាម លោក ហែម វណ្ណឌី វិទ្យាស្ថានជាតិស្តង់ដារ គឺជាស្ថាប័នសម្របសម្រួល និងជាលេខាធិការដ្ឋានរបស់ក្រុមប្រឹក្សាស្តង់ដារជាតិ តែក្របខ័ណ្ឌកិច្ចសហការនៃក្រុមប្រឹក្សាស្តង់ដារជាតិ ដែលរួមមានគណៈកម្មាធិការតាមវិស័យ ពិតជាមានសារៈសំខាន់ណាស់។
សូមជម្រាបជូនថា កិច្ចប្រជុំក្រុមប្រឹក្សាស្តង់ដារជាតិលើកទី២៨ បង្ហាញពីការយកចិត្តទុកដាក់ជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតក្របខ័ណ្ឌគាំទ្រដ៏ទូលំទូលាយសំដៅធ្វើយ៉ាងណាឱ្យស្តង់ដារនីយកម្មអាចជំរុញកំណើនសម្រាប់កម្ពុជាទាំងនៅទីផ្សារក្នុងស្រុកនិងអន្តរជាតិ។
កិច្ចប្រជុំនេះ បានផ្តោតលើតួនាទីដ៏សំខាន់នៃស្តង់ដារជាតិក្នុងការជំរុញការនាំចេញនិងភាពប្រកួតប្រជែងពាណិជ្ជកម្មសកលនៃផលិតផលកម្ពុជា៕



