លោក YAMAGUCHI Natsuo សមាជិកព្រឹទ្ធសភា និងជាប្រធានគណបក្ស Komeito ជប៉ុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យនៅកម្ពុជា ខណៈលោកក៏បានប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបោសសម្អាតមីន និងប្រែប្រួលអាកាសធាតុនៅកម្ពុជាឱ្យកាន់តែខ្លាំងថែមទៀតផងដែរ។
ថ្លែងក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត កាលព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ លោកYAMAGUCHI Natsuo សមាជិកព្រឹទ្ធសភា បានលើកឡើងថា កម្ពុជាគឺជាប្រទេសដែលមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដែលកត្តានេះនឹងជំរុញឱ្យវិនិយោគិនជប៉ុនបន្តស្វែងរកឱកាសវិនិយោគនៅកម្ពុជា។
ជាមួយគ្នានេះ លោកថា នឹងជំរុញកិច្ចសហប្រតិបត្តិការលើការប្រែប្រួលអាកាសធាតុ សន្តិសុខសាយប័រ និងជាពិសេសលើវិស័យបោសសម្អាតមីន ដោយកន្លងមកជប៉ុនមានកិច្ចសហការដ៏ល្អ និងជិតស្និទ្ធជាមួយនឹងមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ហើយ CMAC គឺជាកងកម្លាំងដែលមានជំនាញ និងបទពិសោធន៍ល្អបំផុតក្នុងការបោសសម្អាតមីន។
ជាការឆ្លើយតប សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន ខណៈសម្តេចថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តការយកចិត្តទុកដាក់លើការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលនេះគឺជាគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។
បើតាមសម្តេចធិបតី គិតមកដល់ពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាបានបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមលើផ្ទៃដីជាង ៣.០០០ គីឡូម៉ែត្រការ៉េ ហើយកម្ពុជានឹងខិតខំបន្តការបោសសម្អាតមីន ប្រមាណជាង ១.៧០០ គីឡូម៉ែត្រការ៉េបន្ថែមទៀត ដើម្បីកាត់បន្ថយហានិភ័យពីគ្រោះថ្នាក់ ដែលបង្កឡើងដោយយុទ្ធភណ្ឌមិនទាន់ផ្ទុះ និង រួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។ ក្នុងន័យនេះ សម្តេចធិបតី បានលើកទឹកចិត្តដល់ភាគីជប៉ុនក្នុងការបន្តនូវការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបោសសម្អាតមីនបន្ថែមទៀតផងដែរ៕ អត្ថបទ៖ រង្សី