សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ការថែរក្សាទុកដាក់ឯកសារប្រវត្ថិសាស្រ្តរបស់កម្ពុជា ពិសេសពីរបបប្រល័យពូជសាសន៍ប៉ុលពត គឺជាកិច្ចការសំខាន់ ខណៈសម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យពលរដ្ឋទាំងអស់ សិក្សាស្រាវជ្រាវ និងចែករំលែកបន្តពីឯកសារប្រវត្ថិសាស្រ្តនេះឱ្យកាន់តែទូលាយផងដែរ។

សម្តេចធិបតី ថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញទស្សនកិច្ច និងសម្ពោធសមិទ្ធផល នៅអគារអនុវត្តមុខងារសេសសល់របស់អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា ហៅកាត់ថា អ.វ.ត.ក នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។
នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អ.វ.ត.ក ជាស្ថាប័នឯករាជ្យមួយ ដោយបានយកអតីតប្រមុខរដ្ឋខ្មែរមកធ្វើការជំនុំជម្រះ និងលាតត្រដាងឱ្យពិភពលោកបានដឹងទទួលយកការសម្រេចក្តី និងធ្វើឱ្យជនរងគ្រោះក្នុងរបបខ្មែរក្រហមអស់ចិត្ត និងទទួលបានយុត្តិធម៌។
ទន្ទឹមគ្នានេះ សម្តេច ក៏បានកោតសរសើរ និងអរគុណដល់ អ.វ.ត.ក. ដែលបានលើកកម្ពស់ការផ្សព្វផ្សាយអំពីប្រវត្តិសាស្រ្ដ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ដែលកម្ពុជាបានឆ្លងកាត់ដែលការផ្សព្វផ្សាយនេះ បានចូលរួមទប់ស្កាត់កុំឱ្យរបបដ៏យង់ខ្នងនេះ កើតឡើងវិញម្ដងទៀត។

ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចធិបតី លើកទឹកចិត្តឱ្យពលរដ្ឋទាំងអស់ សិក្សាស្រាវជ្រាវឯកសារប្រវត្ថិសាស្រ្តនៅអ.វ.ត.ក.ជុំវិញរបបឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ហើយចែករំលែកបន្តពីឯកសារប្រវត្ថិសាស្រ្ត ទាំងនេះ ទៅកាន់សារធារណជន ពិសេសយុវជនជំនាន់ក្រោយឱ្យបានយល់ដឹង ព្រមទាំងការលើកកម្ពស់ដល់ការចងចាំ និងការទប់ស្កាត់ការវិលត្រលប់មកវិញ នៃរបបប្រល័យពូជសាសន៍ដ៏សាហាវយង់ឃ្នងនេះ៕ អត្ថបទ៖ រង្សី