រយៈពេល៦ខែ ពោលពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៤ សហគ្រាស គ្រឹះស្ថានបានបើកថ្មីមានសរុបជាង ៣ពាន់សហគ្រាស ខណៈកម្ពុជាមានរោងចក្រ សហគ្រាសសរុបជាង ៤ម៉ឺន គិតត្រឹមបច្ចុប្បន្ន។នេះបើយោងតាមអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលថ្ងៃទី១៥ កក្កដា ឆ្នាំ២០២៤។
លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតត្រឹមខែមិថុនា ឆ្នាំ២០២៤នេះ មានសហគ្រាស គ្រឹះស្ថាន ដែលបើកថ្មីមានសរុបចំនួនជាង ៣ពាន់សហគ្រាស ខណៈកម្ពុជាមានរោងចក្រ សហគ្រាសមានចំនួនសរុប ៤៤ ៤១៧ និងមានកម្មករនិយោជិតសរុបប្រមាណ ១,៧៩លាននាក់។
ដោយលោក បានបញ្ជាក់ដូច្នេះថា៖« សហគ្រាស គ្រឹះស្ថាន ដែលបើកថ្មីមានសរុបចំនួន ៣ ១៣០សហគ្រាស មានកម្មករនិយោជិតសរុបចំនួន ៧៧ ៤៣៦នាក់ (ស្រី ៤៣ ១៧២នាក់) ក្នុងនោះ វិស័យកាត់ដេរមានចំនួន ៨២សហគ្រាស មានកម្មករនិយោជិតចំនួន ៣៧ ៨២៧នាក់ (ស្រី ២៦ ៥០៧នាក់)»។
ចំពោះ កម្មករនិយោជិតកំពុងបម្រើការងារនៅក្នុង វិស័យវាយនភណ្ឌ, កាត់ដេរ, ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូបវិញ លោកថា មានចំនួន ១ ៥៣៨សហគ្រាស និងមានកម្មករនិយោជិតសរុបចំនួន ៩១៣ ០១៧នាក់ ដោយបានប្រាក់ឈ្នួលប្រចាំឆ្នាំប្រមាណ ២,៩៧ពាន់លានដុល្លារអាម៉េរិក។
គួរបញ្ជាក់ដែរថា គិតត្រឹម៦ខែ ឆ្នាំ២០២៤នេះដែរ ចំពោះសហគ្រាស ក្រៅពីវិស័យកាត់ដេរវិញ មានចំនួន ៤២ ៨៧៩សហគ្រាស និងមានកម្មករនិយោជិតសរុបចំនួន ៨៧៩ ៧៧៤នាក់ ដោយបានប្រាក់ឈ្នួលប្រចាំឆ្នាំប្រមាណ ២,៦ពាន់លានដុល្លារអាម៉េរិក។ នេះបើតាមការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យខាងលើ៕