BNI កម្ពុជា នឹងរៀបចំមហាសន្និបាតប្រចាំឆ្នាំ២០២៤ នៅផ្សារទំនើបអុីអន សែនសុខ ក្រោមប្រធានបទ Breakthrough to Level UP Your Business

សង្គម​ និង​សេដ្ឋកិច្ច

BNI កម្ពុជា ដែលជាបណ្ដាញធុរកិច្ច​ធំមួយ គ្រោងនឹងរៀបចំមហាសន្និបាត​ប្រចាំឆ្នាំ២០២៤ នៅក្នុងខែសីហា ​ខាងមុននេះ នៅផ្សារទំនើបអុីអន សែនសុខ ក្រោមប្រធានបទ Breakthrough to level up your business។ ពិធីជួបជុំដ៏ធំ ដែលមានម្ចាស់អាជីវកម្មរាប់ពាន់នាក់ចូលរួមនេះ រៀបចំឡើង ក្នុងគោលបំណង​កសាងទំនាក់ទំនង​អាជីវកម្ម និងដុសខាត់គំនិតថ្មីៗសម្រាប់សមាជិកជាម្ចាស់អាជីវកម្មទាំងអស់ ដើម្បីបង្កើនសមត្ថភាពអភិវឌ្ឍ​អាជីវកម្ម​ក្នុងពេលដែលលំបាកនាពេលបច្ចុប្បន្ន។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ឡុក ស្មីតសាមឌី ប្រធាន BNI កម្ពុជា បានមានប្រសាសន៍ថា ៖ “ការរៀបចំមហាសន្និបាត BNI កម្ពុជា ២០២៤ នេះ ជាឱកាសដែលសមាជិកបង្កើតទំនាក់ទំនងជាមួយសមាជិក BNI ទូទាំងប្រទេស និង រៀនសូត្រពី យុទ្ធសាស្ត្ររីកចម្រើនពីវាគ្មិនសំខាន់ៗថ្នាក់ជាតិ និងអន្តរជាតិ។ នៅថ្ងៃនោះផងដែរយើង ក៏មានការផ្ដល់ពានរង្វាន់​ទទួលស្គាល់ដល់លោកអ្នកដែលបានខិតខំប្រឹងប្រែងមួយឆ្នាំកន្លងផុតទៅ” ។

BNI គឺជាស្ថាប័ន ដែលជោគជ័យជាងគេបំផុតនៅលើពិភពលោកក្នុងចំណោមស្ថាប័នប្រភេទដូចគ្នា។ បច្ចុប្បន្ននេះ BNI មានជាង 11,204 Chapter ដែលកំពុងធ្វើប្រតិបត្តិការនៅក្នុង​ប្រទេសជាង ៨០ ​ដែលរួមមានសមាជិក​ជិត ៣២ម៉ឺននាក់។

សមាជិករបស់ BNI ទូទាំងពិភពលោក កាលពីឆ្នាំ២០២៣ បានបោះឱកាសអាជីវកម្មឲ្យគ្នាចំនួន​  ១៤,៦ លានឱកាសអាជីវកម្ម ហើយបង្កើតជាប្រាក់ចំណូល​បានជាង​ ២២,១ ពាន់លានដុល្លារអាមេរិក។ ក្នុងនោះ សមាជិករបស់​ BNI នៅកម្ពុជា បានបោះឱកាសអាជីវកម្មឲ្យគ្នាចំនួន​  ១០ ម៉ឺនឱកាសអាជីវកម្ម​ដែលបង្កើតជា​ប្រាក់ចំណូលបានជាង ៩៣ លានដុល្លាអាមេរិក ខណៈនៅកម្ពុជាបច្ចុប្បន្នមាន Chapter ចំនួន ៤៧ ហើយមាន​សមាជិក ១ ៧៨៤ នាក់។

BNI កម្ពុជា ត្រូវបាននាំមកកាន់នៅកម្ពុជា​ នៅឆ្នាំ ២០១៣ ដោយមានលោក ឡុក ស្មីតសាមឌី គឺជា​ប្រធាន ហើយបច្ចុប្បន្ន ស្ថាប័ននេះ ត្រូវបានទទួលស្គាល់ថា ជា​បណ្ដាញធុរកិច្ចឈានមុខគេមួយនៅកម្ពុជា។

លោក​ ឡុក ស្មីតសាមឌី​ បានពន្យល់ថា ការចូលរួមជា​សមាជិករបស់ BNI កម្ពុជា មានន័យថា សមាជិក​នឹងទទួលបាននូវ​ចំណេះដឹង​ ដែលអាចយកទៅប្រើប្រាស់ក្នុងការពង្រឹង​ និងពង្រីកអាជីវកម្មរបស់ខ្លួនឲ្យរីកចម្រើន។

ទន្ទឹមនឹង​នេះ ម្ចាស់​អាជីវកម្មផ្សេងៗទៀត ក៏​មានឱកាស​ក្នុងការ​កសាង​ទំនាក់ទំនងបន្ថែមទៀត​ជាមួយនឹងសមាជិក​ ដែលមានស្រាប់ ក៏ដូចជាភ្ជាប់ទំនាក់ទំនងជាមួយនឹង​អាជីវកម្ម​នានា ដែលធ្វើឲ្យពួកគាត់​អាច​ទទួលបាន​នូវ​​គម្រោងថ្មីៗ ឬអតិថិជនថ្មីៗ ពីកម្មវិធីនេះផងដែរ។

លោក ឡុក ស្មីតសាមឌី បានបន្ថែមថា៖ “ខ្ញុំសូមលើកទឹកចិត្តឲ្យអ្នកដែលមិនទាន់​បានស្គាល់ BNI សូមឲ្យគាត់​ទៅជួប Chapter ដែលនៅក្បែរគាត់ជាមុនសិន ដូចជានៅភ្នំពេញ សៀមរាប បាត់ដំបង កណ្តាល និងក្រុងព្រះសីហនុ គឺឲ្យពួកគាត់ទៅ មើលសិន ។ បើគាត់ឃើញថា Chapter អាចជួយពង្រីក​អាជីវកម្ម​របស់គាត់បាន សូម​ឲ្យគាត់អញ្ជើញចូល។ ហើយការចូល BNI នេះគឺល្អមែនទែន” ។

ក្នុងនាមតំណាងឲ្យ BNI កម្ពុជា លោក ឡុក ស្មីតសាមឌី ក៏បានថ្លែងអំណរគុណដល់ម្ចាស់​ឧបត្ថម្ភ​របស់​មហាសន្និបាត​ដ៏ធំប្រចាំឆ្នាំ២០២៤ របស់ BNI Cambodia នេះផងដែរ។