រាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ បានសម្រេចបង្កើតអង្គភាពសវនកម្មពន្ធដារពិសេស មានថ្នាក់ស្មើនាយកដ្ឋាន ចំណុះអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
យោងតាមអនុក្រឹត្យ ស្ដីពីការបង្កើតអង្គភាពសវនកម្មពន្ធដារពិសេស ចំណុះអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានឱ្យដឹងថា រាជរដ្ឋាភិបាលសម្រេចបង្កើតអង្គភាពនេះឡើង គឺជាយន្តការជំរុញនិងពន្លឿនការដោះស្រាយបញ្ហានានារបស់អ្នកជាប់ពន្ធ ពាក់ព័ន្ធនឹងការងារសវនកម្មពន្ធដារឱ្យបានឆាប់រហ័ស ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ ស្ដីពីពន្ធដារសំដៅកែលម្អបរិយាកាសធុរកិច្ចនិងការវិនិយោគ។
តាមអនុក្រឹត្យដដែលនេះ បញ្ជាក់ថា អង្គភាពសវនកម្មពន្ធដារពិសេស មានតួនាទីនិងភារកិច្ចដូចជា៖
១-គ្រប់គ្រងនិងធ្វើការងារសវនកម្មពន្ធដារ ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងសៀវភៅណែនាំស្តីពីបែបបទនិងនីតិវិធីនៃការធ្វើសវនកម្មពន្ធដារសម្រាប់មន្ត្រីពន្ធដារ និងអ្នកជាប់ពន្ធ លើសហគ្រាសដែលស្ថិតក្រោមសមត្ថកិច្ចរបស់អង្គភាព។
២-ទទួលបន្ទុកក្នុងការធ្វើការពិនិត្យផ្ទៀងផ្ទាត់ឯកសារ និងវិភាគហានិភ័យនៅនឹងអង្គភាពសវនកម្ម ពន្ធដារពិសេស ដើម្បីធ្វើសវនកម្មពេញលេញតែមួយលើក ដោយពុំចាំបាច់ធ្វើសវនកម្មលើលិខិត ស្នាមនិងសវនកម្មមានកម្រិត លើសហគ្រាសដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន។
៣-រៀបចំផែនការសវនកម្មពន្ធដារពិសេសប្រចាំឆ្នាំ ដោយផ្អែកលើសៀវភៅណែនាំស្តីពីការកំណត់ ហានិភ័យលើសហគ្រាសដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន។ ៤-អាចធ្វើសវនកម្មតាមការស្នើសុំពីសហគ្រាសដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន។ ៥-អនុវត្តការងារតាមបែបបទនិងនីតិវិធីការងារស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន។ ៦-ជូនព័ត៌មានទៅសាមីសហគ្រាសអំពីមូលហេតុនៃការជ្រើសរើសយកសហគ្រាស ដើម្បីធ្វើសវនកម្ម ពន្ធដារ។ ៧-ធ្វើរបាយការណ៍ស្តីពីលទ្ធផលការងារប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំ។ និង៨-អនុវត្តភារកិច្ចផ្សេងទៀតតាមការប្រគល់ពីអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។
សូមជម្រាបជូនថា អង្គភាពសវនកម្មពន្ធដារពិសេស ត្រូវដឹកនាំដោយប្រធាន១រូប មានឋានៈស្មើប្រធាននាយកដ្ឋាន និងមានអនុប្រធានមួយចំនួនមានឋានៈស្មើអនុប្រធាននាយកដ្ឋាន ដោយអនុលោមតាមលិខិតបទដ្ឋានគតិយុត្ត ជាធរមាន៕