ADB ព្យាករកំណើនសេដ្ឋកិច្ច ប្រទេសកំពុងអភិវឌ្ឍនៅអាស៊ីនិងប៉ាស៊ីហ្វិកកើនដល់៥% សម្រាប់ឆ្នាំ ២០២៤

សង្គម​ និង​សេដ្ឋកិច្ច


ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបង្កើនការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី និងប៉ាស៊ីហ្វិកនៅឆ្នាំនេះដល់ ៥,0% ពីការព្យាករពីមុន ៤,៩% ដោយសារការកើនឡើងនៃការនាំចេញក្នុងតំបន់ជាមួយនឹងតម្រូវការក្នុងស្រុកដែលធន់។ ទស្សនវិស័យកំណើនសម្រាប់ឆ្នាំក្រោយត្រូវបានរក្សានៅ ៤,៩% ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អតិផរណាត្រូវបានព្យាករថានឹងធ្លាក់ចុះមកនៅត្រឹម ២,៩% នៅឆ្នាំនេះ ខណៈដែលតម្លៃអាហារពិភពលោក និងផលប៉ះពាល់នៃអត្រាការប្រាក់ខ្ពស់ មានការថមថយ។ នេះបើយោងតាមរបាយការណ៍ចុងក្រោយនៃ ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (Asian Development Outlook ឬ ADO) ដែលចេញផ្សាយនៅថ្ងៃនេះ។

បន្ទាប់ពីការងើបឡើងវិញក្រោយជំងឺរាតត្បាតដែលជំរុញជាចម្បងដោយតម្រូវការក្នុងស្រុក ការនាំចេញកំពុងស្ទុះងើបឡើងវិញ និងជួយជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់។ តម្រូវការសកលខ្លាំងលើគ្រឿងអេឡិចត្រូនិក ជាពិសេស semiconductors ដែលប្រើសម្រាប់កម្មវិធីបច្ចេកវិទ្យាខ្ពស់ និងបញ្ញាសិប្បនិម្មិត កំពុងជំរុញការនាំចេញនៃប្រទេសមួយចំនួនក្នុងតំបន់អាស៊ី។

លោក Albert Park ប្រធានសេដ្ឋវិទូរបស់ ADB បានមានប្រសាសន៍ថា «ភាគច្រើននៃប្រទេសនៅ អាស៊ី និងប៉ាស៊ីហ្វិកកំពុងមើលឃើញកំណើនសេដ្ឋកិច្ចខ្ពស់ជាងកាលពីឆមាសទីពីរនៃឆ្នាំមុន។ មូលដ្ឋានគ្រឹះនៃតំបន់នៅតែរឹងមាំ ប៉ុន្តែអ្នកបង្កើតគោលនយោបាយនៅតែត្រូវយកចិត្តទុកដាក់ លើហានិភ័យមួយចំនួនដែលអាចប៉ះពាល់ដល់ទស្សនវិស័យនេះ ដែលរួមមានភាពមិនច្បាស់លាស់ទាក់ទងនឹងលទ្ធផលបោះឆ្នោតនៅក្នុងប្រទេសសេដ្ឋកិច្ចធំៗ ការសម្រេចលើចិត្តអត្រាការប្រាក់ និង ភាពតានតឹងភូមិសាស្ត្រនយោបាយ។»

ខណៈពេលដែល អតិផរណាកំពុងថយទៅរកកម្រិតមុនមានការរាតត្បាតនៅក្នុងតំបន់ទាំងមូល សម្ពាធតម្លៃនៅតែកើនឡើងនៅក្នុងប្រទេសមួយចំនួន។ អតិផរណាម្ហូបអាហារនៅតែមានកម្រិតខ្ពស់នៅអាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ដែលមួយផ្នែកដោយសារអាកាសធាតុមិនល្អ និងការរឹតបន្តឹងការនាំចេញអាហារនៅក្នុងប្រទេសមួយចំនួន។

ការព្យាករកំណើនសម្រាប់សាធារណៈរដ្ឋប្រជាមានិតចិន (PRC) ដែលជាសេដ្ឋកិច្ចធំបំផុតក្នុងតំបន់ត្រូវបានរក្សានៅ ៤,៨% នៅឆ្នាំនេះ។ ការបន្តស្ទុះងើបឡើងវិញនៃការប្រើប្រាស់សេវាកម្ម ព្រមទាំងការនាំចេញ និងសកម្មភាពឧស្សាហកម្មខ្ពស់ជាងការរំពឹងទុក កំពុងគាំទ្រដល់កំណើន បើទោះបីជាវិស័យអចលនទ្រព្យរបស់ PRC ដែលកំពុងជួបការលំបាក មិនទាន់មានស្ថិរភាពក៏ដោយ។ រដ្ឋាភិបាលបានដាក់ចេញវិធានការគោលនយោបាយបន្ថែមក្នុងខែឧសភា ដើម្បីគាំទ្រទីផ្សារអចលនទ្រព្យ។

ទស្សនវិស័យសម្រាប់ប្រទេសឥណ្ឌា ដែលជាសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតក្នុងតំបន់ ក៏មិនផ្លាស់ប្តូរដែរក្នុងអត្រា ៧,0% សម្រាប់ឆ្នាំសារពើពន្ធ ២០២៤។ វិស័យឧស្សាហកម្មរបស់ប្រទេសឥណ្ឌាត្រូវបានព្យាករថានឹងកើនឡើងខ្លាំង ដែលជំរុញដោយការផលិត និងតម្រូវការខ្ពស់ក្នុងការសាងសង់។ កសិកម្មត្រូវបានគេរំពឹងថានឹងងើបឡើងវិញខណៈមានការព្យាករអំពីខ្យល់មូសុងច្រើនជាងធម្មតា ជាមួយតម្រូវការវិនិយោគនៅតែរឹងមាំ ដែលនាំមុខដោយការវិនិយោគសាធារណៈ។

សម្រាប់តំបន់អាស៊ីអាគ្នេយ៍ ការព្យាករកំណើនត្រូវបានរក្សានៅកម្រិត ៤,៦% នៅឆ្នាំនេះ ខណៈមានភាពប្រសើរឡើងយ៉ាងខ្លាំងទាំងតម្រូវការក្នុងស្រុក និងពីខាងក្រៅ។ ទស្សនវិស័យឆ្នាំនេះសម្រាប់ Caucasus (តំបន់ព្រំដែនរវាងអឺរ៉ុបប៉ែកអាគ្នេយ៍ និងអាស៊ីខាងលិច) និងអាស៊ីកណ្តាលនឹងកើនឡើងដល់ ៤,៥% ពីការព្យាករពីមុន ៤,៣% ដែលជំរុញខ្លះដោយកំណើនខ្លាំងជាងការរំពឹងទុកនៅ អាស៊ែបៃហ្សង់ និងសាធារណរដ្ឋកៀហ្ស៊ីស៊ី។ នៅតំបន់ប៉ាស៊ីហ្វិក ទស្សនវិស័យសម្រាប់ឆ្នាំ ២០២៤ រក្សាបាននូវ កំណើន ៣,៣% ដែលជំរុញដោយការចំណាយលើវិស័យទេសចរណ៍ និង ហេដ្ឋារចនាសម្ព័ន្ធ រួមជាមួយនឹងសកម្មភាពរុករករ៉ែដែលសកម្មឡើងវិញនៅក្នុងប្រទេសប៉ាពួញូហ្គីណេ។

ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង៕