ក្រុមហ៊ុន មីនេបៀមីត្សូមី(MinebeaMitsumi) ដែលជាក្រុមហ៊ុនវិនិយោគដ៏ធំមួយរបស់ប្រទេសជប៉ុន បានជួបពិភាក្សាជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីស្នើសុំអនុសាសន៍ណែនាំលើគម្រោងវិនយោគសាងសង់រោងចក្រ ដើម្បីពង្រីកអាជីវកម្មរបស់ក្រុមហ៊ុនក្នុងខេត្តពោធិ៍សាត់ ប្រទេសកម្ពុជានាពេលខាងមុខ។
នេះបើយោងតាមជំនួបពិភាក្សាការងាររវាង លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Yoshihisa Kainuma អគ្គនាយកក្រុមហ៊ុន មីនេបៀមីត្សូមី នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។
បើតាមការប្រកាសតាមហ្វេសប៊ុករបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា នាឱកាសនោះ លោក Yoshihisa Kainuma បានថ្លែងអំណរគុណជូនចំពោះលោក ស៊ុន ចាន់ថុល និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលបានផ្ដល់កិច្ចសម្របសម្រួលលើគម្រោងពង្រីកវិនិយោគសាងសង់រោងចក្រថ្មីរបស់ក្រុមហ៊ុននៅប្រទេសកម្ពុជា។ទន្ទឹមគ្នានេះ លោក ក៏បានស្នើសុំការគាំទ្របន្ថែមទៀតលើដំណើរការអនុម័តលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធដើម្បីសម្រួលឱ្យការងារវិនិយោគរបស់ក្រុមហ៊ុនកាន់តែមានភាពរលូនផងដែរ។
គួរបញ្ជាក់ដែរថា ក្រុមហ៊ុន មីនេបៀមីត្សូមី(MinebeaMitsumi) បច្ចុប្បន្នកំពុងវិនិយោគនៅកម្ពុជាលើអាជីវកម្ម ផលិតម៉ូទ័រខ្នាតតូច ម៉ូទ័រកង្ហារ គ្រាប់ទម្ររង្វិល គ្រឿងបំណែកដោយម៉ាស៊ីន ឧបករណ៍អុបទិចសម្រាប់ទូរសព្ទទំនើប ប៊ិកអេឡិចត្រូនិក ឧបករណ៍រំញ័រសម្រាប់ហ្គេមកុំព្យូទ័រ បង្គុំសៀគ្វីអេឡិចត្រូនិក ផ្ទាំងបញ្ចេញពន្លឺ LED ឧបករណ៍រង្វាស់ ឧបករណ៍វាស់ជាតិស្ករក្នុងឈាម និងប្រព័ន្ធអំពូលភ្លើងសាធារណៈឆ្លាតវៃជាដើម៕ អត្ថបទ៖ រង្សី