អគ្គនាយកដ្ឋានពន្ធដារ ថ្មីៗនេះបានចេញសេចក្តីប្រកាសពីការអនុវត្តកម្មវិធីសវនកម្មពន្ធដារឆ្នាំ២០២៤ជម្រាបជូនដំណឹងដល់អ្នកជាប់ពន្ធទាំងអស់។
សេចក្តីប្រកាសនេះ បានឱ្យដឹងថា អគ្គនាយកដ្ឋានពន្ធដារនឹងចុះធ្វើសវនកម្មដល់ទីកន្លែងលើសហគ្រាសចំនួន ៣០០៦ ក្នុងឆ្នាំ២០២៤ នេះ។ លិខិតជូនដំណឹងស្តីពីការចុះធ្វើសវនកម្មសារពើពន្ធនឹងត្រូវផ្ញើជូនដល់សហគ្រាសនីមួយៗ ដើម្បីត្រៀមខ្លួនក្នុងការ ផ្តល់កិច្ចសហការជាមួយរដ្ឋបាលសារពើពន្ធ។
ផ្អែកតាមគោលការណ៍នៃសៀវភៅណែនាំស្តីពីបែបបទ និងនីតិវិធីនៃការធ្វើសវនកម្មពន្ធដារសម្រាប់មន្ត្រីពន្ធដារ និងអ្នកជាប់ពន្ធ អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ជូនអ្នកជាប់ពន្ធបន្ថែមទៀតថា សហគ្រាសអាចត្រូវបានចុះធ្វើសវនកម្មដល់ទីកន្លែងតែម្តងក្នុងរង្វង់ ៣ឆ្នាំ លើកលែងតែករណីដែលអគ្គនាយកដ្ឋានពន្ធដាររកឃើញថាមានហានិភ័យឬភាពមិនប្រក្រតី។ ជាមួយគ្នានេះសហគ្រាសអាចស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារក្នុងករណីសហគ្រាសមានបំណង ឱ្យមានការធ្វើសវនកម្មពន្ធដារដើម្បីត្រួតពិនិត្យការបំពេញកាតព្វកិច្ចសារពើពន្ធរបស់ខ្លួនក្នុងរង្វង់ ៣ឆ្នាំនេះ។
អគ្គនាយកដ្ឋានពន្ធដារ សង្ឃឹមយ៉ាងមុតមាំថាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសទាំងអស់នឹងយកចិត្តទុក ដាក់អនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាពខ្ពស់។
អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាសេនាធិការរបស់រាជរដ្ឋាភិបាល ទទួលបន្ទុកគ្រប់គ្រងនិងប្រមូលចំណូលពន្ធផ្ទៃក្នុង ស្របតាមច្បាប់ស្តីពីសារពើពន្ធ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជាប្រយោជន៍ថវិកាជាតិ ប្រកបដោយប្រសិទ្ធភាព តម្លាភាព ការទទួលខុសត្រូវ និងវិជ្ជាជីវៈខ្ពស់។
យោងតាមអគ្គនាយកដ្ឋានពន្ធដារ សៀវភៅណែនាំស្តីពីបែបទនិងនីតិវិធីនៃការធ្វើសវនកម្មពន្ធដារ សម្រាប់មន្ត្រីពន្ធដារនិងអ្នកជាប់ពន្ធនេះ ក្នុងគោលបំណងបង្ហាញ និងផ្តល់ជាមធ្យោបាយឱ្យអ្នកជាប់ពន្ធនិងភ្នាក់ងារសេវាកម្មពន្ធដារ ក៏ដូចជាមន្ត្រីពន្ធដារទាំងអស់បានយល់ដឹងអំពីទិដ្ឋភាពទាំងស្រុងនៃការងារធ្វើសវនកម្មពន្ធដារដែលជាមុខងារស្នូលដ៏សំខាន់ក្នុងចំណោមមុខងារស្នូលដទៃទៀតរបស់បណ្តារដ្ឋបាលសារពើពន្ធ នៅក្នុងតំបន់ និងពិភពលោក។ មុខងារសវនកម្មពន្ធដារមានតួនាទីក្នុងការធានាឱ្យបាននូវអនុលោមភាពសារពើពន្ធ និងផ្តល់សេវាក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធរបស់ អ្នកជាប់ពន្ធ តាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ៕