សារមន្ទីរសម្ដេចព្រះព្រហ្មរតនមុនី ពិន សែម រាជបូណ៌ ក្នុងបរិវេណវត្តរាជបូណ៌ ខេត្តសៀមរាប តម្លៃជាង១.៣ លានដុល្លារ ចាប់ផ្តើមបើកការដ្ឋានសាងសង់ជាផ្លូវការហើយ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី១៨ កក្កដា ឆ្នាំ២០២៤។

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចមានសេចក្តីរីករាយ ដោយបានចូលរួមក្នុង «ពិធីបើកការដ្ឋានសាងសង់ សារមន្ទីរសម្ដេចព្រះព្រហ្មរតនមុនី ពិន សែម រាជបូណ៌» ស្ថិតនៅក្នុងវត្តរាជបូណ៌ ដែលជាទីតាំងវត្តអារាមដ៏ចំណាស់ រួមជាមួយសំណង់បេតិកភណ្ឌសាសនានា។
លើសពីនេះ សម្ដេចធិបតី បញ្ជាក់ថា សារមន្ទីរព្រះព្រហ្មរតនមុនី ពិន សែម សាងសង់ឡើងក្នុងទិសដៅពីរ គឺដើម្បីរក្សាសម្បត្តិវប្បធម៌ និងទាក់ទាញទេសចរណ៍។
បើតាមសម្តេចធិបតី វត្តរាជបូណ៌ ជាវត្តដ៏ចំណាស់មួយក្នុងចំណោមវត្តដទៃទៀតនៅក្នុងខេត្តសៀមរាប ដែលស្ថិតនៅក្នុងក្រុងតាមដងស្ទឹងសៀមរាប។ អារាមមួយនេះមានព្រះវិហារមួយដែលមានលក្ខណៈស្ថាបត្យកម្មល្អឯក អំឡុងនៃការសាងសង់ក្នុងរាជព្រះបាទនរោត្តម។ នៅលើជញ្ជាំងព្រះវិហារផ្នែកខាងក្នុង មានសិល្បៈដ៏រស់រវើកល្អវិចិត្រគឺគំនូរបុរាណរឿង «រាមកេរ្តិ៍» ដែលជារឿងល្បីល្បាញ នៅអាស៊ីអាគ្នេយ៍ គូរនៅរវាងឆ្នាំ១៩២០-១៩២៤។ អំពីអាយុកាលនៃការកកើតវត្តនោះ ពុំមានភស្តុតាងនោះទេ។
សូមបញ្ជាក់ដែរថា សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម គឺស្ថិតក្នុងបរិវេណវត្តរាជបូណ៌ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ ការសាងសង់សារមន្ទីរនេះ គ្រោងថវិកាចំណាយ ១,០៣៩,៦៦០.៧៩ ដុល្លារអាមេរិក (មិនរាប់បញ្ចូលការរចនាទូតាំង និងការលំអ ខាងក្នុងអគារ) ដោយប្រើប្រាស់រយៈពេល២៤ខែ៕ អត្ថបទ៖ រង្សី

