ប្រមុខរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានចេញគោលការណ៍ឱ្យលុបអនុក្រឹត្យឆ្នាំ១៩៩៨ ដែលតម្រូវឱ្យភ្ញៀវទេសចរមកកម្ពុជាត្រូវសម្រាក១យប់យ៉ាងតិច ខណៈអនុក្រឹត្យចាស់នេះត្រូវបានដាក់ចេញ ឱ្យអនុវត្តតាំងពីឆ្នាំ១៩៩៨ មកម៉្លេះ។
ថ្លែងក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរសម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ សម្តេចធិបតី លើកឡើងា ការណែនាំលុបអនុក្រឹត្យមួយនេះ គឺដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរមកកាន់កម្ពុជា។
ដោយសម្ដេចធិបតីបន្តថា៖”សូមចេញគោការណ៍ឱ្យនិរាករណ៍អនុក្រឹត្យមួយតាំងពីឆ្នាំ១៩៩៨ ដែលតម្រូវឱ្យភ្ញៀវទេសចរដែលមកកម្ពុជា ត្រូវតែសម្រាកយ៉ាងហោច១យប់ ព្រោះថា មានភ្ញៀវទសចរខ្លះ នៅពេលឃើញតម្រូវនេះហើយ បែរជាប្ដូរចិត្តមិនមកកម្ពុជាវិញ ហើយពេលខ្លះក៏មានបញ្ហាទៀត ដូច្នេះខ្ញុំក៏បានចេញគោលការណ៍ឱ្យលុបអនុក្រឹត្យឆ្នាំ១៩៩៨នោះចេញវិញ”។
គួរបញ្ជាក់ដែរថា បើតាមការលើកឡើងរបស់សម្ដេច ការដាក់ចេញអនុក្រឹត្យកាលពីឆ្នាំ១៩៩៨នោះ គឺមានហេតុផលត្រឹមត្រូវ ប៉ុន្តែមកដល់បច្ចុប្បន្ននេះ ការធ្វើដំណើរទៅមកកម្ពុជានិងបរទេស គឺស្រួលជាង៣០ឆ្នាំមុន។ សម្តេចអះអាងថា ភ្ញៀវទេសចរខ្លះគ្រាន់តែចង់ឆៀងចូលមកកម្ពុជា១ថ្ងៃ ឬតិចជាង១ថ្ងៃ ហើយមានកិច្ចការប្រញាប់ត្រឡប់ទៅវិញ ដូច្នេះមិនអាចឃាត់គាត់បាននោះទេ៕