សេចក្តីព្រាង «ក្របខណ្ឌនៃការអភិវឌ្ឍនិងការគ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេ » លើកកម្ពស់ប្រសិទ្ធភាពសេវាកំពង់ផែ និងកាត់បន្ថយចំណាយឡូជីស្ទិក

សង្គម​ និង​សេដ្ឋកិច្ច

សេចក្តីព្រាង «ក្របខណ្ឌនៃការអភិវឌ្ឍ និងការគ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេ និងការតភ្ជាប់បណ្តាញប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកទន្លេជាមួយផ្លូវសមុទ្រនៅកម្ពុជា» បានត្រូវគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើកយកមកពិនិត្យនិងពិភាក្សា មុននឹងដាក់ជូនរាជរដ្ឋាភិបាល ពិនិត្យនិងអនុម័តដាក់ឱ្យអនុវត្តនាពេលខាងមុខ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំចង្អៀតនេះ ដឹកនាំដោយលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) ។

គួរកត់សម្គាល់ថា បន្ទាប់ពីបានដាក់ចេញនូវ «ផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣២» រាជរដ្ឋាភិបាល បានសម្រេចនូវកិច្ចការអាទិភាពពាក់ព័ន្ធនឹងវិស័យដឹកជញ្ជូនផ្លូវទឹកជាបន្តបន្ទាប់ ដែលក្នុងនោះ «ច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក» ត្រូវបានអនុម័ត និងដាក់ឱ្យប្រើប្រាស់នាពេលថ្មីៗនេះ ។

បន្ថែមពីនេះ «ក្របខណ្ឌនៃការអភិវឌ្ឍ និងការគ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេ និងការតភ្ជាប់បណ្តាញ ប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកទន្លេជាមួយផ្លូវសមុទ្រនៅកម្ពុជា» ត្រូវបានរៀបចំឡើងជាផែនទីបង្ហាញផ្លូវសម្រាប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំផែនការ និងអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹកទន្លេឱ្យកាន់តែមានភាពរីកចម្រើននិងស្របតាមនិន្នាការសកល ។

ក្របខណ្ឌនេះ មានគោលបំណងពង្រីក និងបង្កើនការប្រើប្រាស់ប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកទន្លេ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកលើកកម្ពស់ប្រសិទ្ធភាពសេវាកំពង់ផែដោយការប្រើប្រាស់បច្ចេកវិទ្យាទំនើប និង ការកាត់បន្ថយចំណាយឡូជីស្ទិក សំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលវែង និងបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងតំបន់ និងសកល ។

ដើម្បីសម្រេចគោលបំណងនេះ ក្របខណ្ឌនេះ កំណត់គោលដៅក្នុងការបង្កើនការប្រើប្រាស់ មធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹកទន្លេ តាមរយៈការដាក់ចេញនូវវិធានការជាយុទ្ធសាស្ត្រ ដែលគិតគូរទៅលើ៖ ១. ការកំណត់ទីតាំងកំពង់ផែទន្លេជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និង២. ការដាក់ចេញនូវសសរស្ដម្ភចំនួន ៥ រួមមាន ការពង្រឹងក្របខណ្ឌគតិយុត្ត,ការពង្រឹងយន្តការស្ថាប័ន, ការកំណត់អាទិភាពលើយុទ្ធសាស្ត្រវិនិយោគ, ការកំណត់ប្រភពហិរញ្ញប្បទាន និងម៉ូឌែលអភិវឌ្ឍន៍ និងការអនុវត្តបញ្ជីគម្រោងនៃផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ។

គួរបញ្ជាក់ថា លោក អូន ព័ន្ធមុនីរ័ត្ន ក៏បានស្នើសុំបន្តកិច្ចសហការពីថ្នាក់ដឹកនាំគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ពិសេស គណៈកម្មការអន្តរក្រសួងដើម្បីរៀបចំ «ក្របខណ្ឌនៃការអភិវឌ្ឍ និងការគ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេនិងការតភ្ជាប់បណ្តាញប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកទន្លេជាមួយផ្លូវសមុទ្រនៅកម្ពុជា» ដើម្បីកែសម្រួលស្របតាមមតិយោបល់របស់ក្រសួង-ស្ថាប័នពាក់ព័ន្ធធ្វើឱ្យសេចក្ដីព្រាងក្របខណ្ឌនេះកាន់តែមានភាពច្បាស់លាស់,គ្រប់ជ្រុងជ្រោយនិងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕