សមាគមធានារ៉ាប់រងកម្ពុជា សហការជាមួយក្លិបអ្នកការសែត រៀបចំវេទិកាអំពីបច្ចុប្បន្នភាពនៃទីផ្សារធានារ៉ាប់រងនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

សមាគមធានារ៉ាប់រងកម្ពុជា បានសហការជាមួយក្លិបអ្នកការសែតកម្ពុជា រៀបចំវេទិកាចែករំលែកព័ត៌មានអំពីបច្ចុប្បន្នភាពនៃទីផ្សារធានារ៉ាប់រងនៅកម្ពុជា ដល់អ្នកសារព័ត៌មានមកពីស្ថាប័នជាច្រើន នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងវេទិកានេះ លោក ពុយ គា ប្រធានក្លិបអ្នកការសែតកម្ពុជា បានលើកឡើងថា ផ្នែកធានារ៉ាប់រងពិតជាមានសារៈសំខាន់នៅកម្ពុជា ដូច្នេះហើយទើបសមាគមធានារ៉ាប់រងកម្ពុជារួមសហការជាមួយក្លិបអ្នកកាសែតកម្ពុជា រៀបចំវេទិកានេះឡើង ដើម្បី​ឱ្យប្រព័ន្ធផ្សព្វផ្សាយគ្រប់ស្ថាប័នចែករំលែក និងផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋកាន់តែយល់ច្បាស់ពីអត្ថប្រយោជន៍នៃការមានធានារ៉ាប់រង។

លោកបន្តថា លើសពីនេះ កម្មវិធីនៅថ្ងៃនេះ ក៏ជាការផ្តល់ឱកាសដល់អ្នកសារព័ត៌មានឱ្យបានស្វែងយល់អំពីព័ត៌មានពីការវិវឌ្ឍនៃទីផ្សារធានារ៉ាប់រងនៅកម្ពុជា ដើម្បីជាជំនួយស្មារតីដល់ការសរសេរអត្ថបទ ការផ្សព្វផ្សាយពីវិស័យធានារ៉ាប់រងទៅកាន់សាធារណជន។

ក្នុងឱកាសនោះ លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា បានលើកឡើងថា សារៈសំខាន់ធានារ៉ាប់រង ត្រូវបានទទួលស្គាល់ជាទូទៅ។លោកបន្តថា ប៉ុន្តែសម្រាប់កម្ពុជាយើង នៅមានបញ្ហាមួយចំនួននៅឡើយពាក់ព័ន្ធវិស័យធានារ៉ាប់រងនេះ ដូចជា ទីផ្សារនៅក្មេងខ្ចី​, យើងមិនទាន់យល់ពីហានិភ័យ, បញ្ហាទំនុកចិត្តដែលនៅតែអាចបង្កើតផ្នត់គំនិតគួរទុកចិត្តបានឬមិនបាន និងព្រួយបារម្ភខ្លាចធានារ៉ាប់រងមិនសងសំណង។

ជាមួយគ្នានោះ លោក ប៉ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា ក៏បានលើកទ្បើងផងដែរអំពីអត្ថប្រយោជន៍ក្នុងការមានធានារ៉ាប់រង សម្រាប់ខ្លួនឯង និងក្រុមគ្រួសារ ជាពិសេសក្នុងការធានារ៉ាប់រងអាយុជីវិត។ទោះជាយ៉ាងណា លោកថា នៅកម្ពុជាក៏នៅតែមានបញ្ហាមួយចំនួនផងដែរដូចជា បញ្ហាប្រជាពលរដ្ឋមិនទាន់យល់ , ពួកគាត់មិនមានទំនុកចិត្តជាដើម។

បើតាមលោក ប៉ូ ច័ន្ទភីរូ បានគូសបញ្ជាក់ថា ការធានារ៉ាប់រងអាយុជីវិត ជាកិច្ចសន្យាធានារ៉ាប់រងដែធ្វើឡើងរវាងអ្នកត្រូវបានធានារ៉ាប់រង និងក្រុមហ៊ុនធានារ៉ាប់រង ដែលក្នុងនោះការបង់បុព្វលាភធានារ៉ាប់រងត្រូវធ្វើឡើងដើម្បីធានាទៅលើការស្លាប់ ឬការរស់រានមានជីវិតដោយអាចរួមបញ្ចូលការធានារ៉ាប់រងលើគ្រោះថ្នាក់បុគ្គល ជំងឺធ្ងន់ធ្ងរ ឬជំងឺទូទៅ។ប្រភេទផលិតផលធានារ៉ាប់រងអាយុជីវិតរួមមានការធានារ៉ាប់រងមានកាលកំណត់ ការធានារ៉ាប់រងមួយជីវិតកាល ការធានារ៉ាប់រងទាយជ្ជទាន និងការធានារ៉ាប់រងធនលាភ៕