គម្រោង “ការកសាងសមត្ថភាពនិងការបង្កើតបរិយាកាសគាំទ្រលើវិស័យបច្ចេកវិទ្យាពត័មាននិងសារគមនាគមន៏ក្នុងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា” បានត្រូវសម្ពោធជាផ្លូវការនាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ។
ការសម្ពោធនេះជាការចាប់ផ្ដើមគម្រោងរយៈពេលប្រាំឆ្នាំ ២០២៣-២០២៧ ដែលផ្តល់មូលនិធិដោយជំនួយឥតសំណងប្រមាណ ៨លានដុល្លារពីសាធារណរដ្ឋកូរ៉េតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េកយកា (KOICA)ប្រចាំកម្ពុជា។
គម្រោងនេះមានធាតុផ្សំចំនួន ៤ ដូចជា ១) ពង្រឹង និងពង្រីកកម្មវិធីសិក្សាក្នុងវិស័យICT ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ ២) គាំទ្រការកសាងសមត្ថភាពដល់អ្នកបង្កើតគោលនយោបាយ គ្រូបង្គោល និងគ្រូបច្ចេកទេស ៣) បង្កើតបរិយាកាសគាំទ្រវិស័យICT តាមរយៈការកែលម្អ និងបំពាក់សម្ភារបណ្តុះបណ្តាលនៅក្នុងបន្ទប់កុំព្យូទ័ររបស់គ្រឹះស្ថាន TVET សាធារណៈចំនួន ២០ ដែលបានជ្រើសរើសនិងទី៤ ) ពង្រឹងកម្មវិធីគាំទ្រវិស័យITCតាមរយៈការរៀបចំខិតប័ណ្ណផ្សព្វផ្សាយ ការអភិវឌ្ឍកម្មវិធីសិក្សាដោយមានការចូលរួមពីឧស្សាហកម្ម និងការគាំទ្រការប្រកួតប្រជែងជំនាញទាំងនៅតាមបណ្តាខេត្ត និងថ្នាក់ជាតិ។
គម្រោងនេះត្រូវបានគេរំពឹងថានឹងជំរុញយ៉ាងខ្លាំងនូវជំនាញឌីជីថលរបស់យុវជនកម្ពុជា ដោយកាត់បន្ថយគម្លាតរវាងសមត្ថភាពកម្លាំងពលកម្ម និងតម្រូវការទីផ្សារការងារ។ តាមរយៈការផ្តល់ឱ្យនិស្សិតបញ្ចប់ការសិក្សានូវជំនាញ ICT តាមតម្រូវការ គម្រោងនេះនឹងរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចទាំងមូលរបស់កម្ពុជា។
លោកស្រី Moonjung CHOI នាយិកាប្រចាំប្រទេសនៃការិយាល័យ កយកាប្រចាំប្រទេសកម្ពុជា បានប្តេជ្ញាចិត្តក្នុងការចូលរួមអនុវត្តគម្រោងដ៏មានសារៈសំខាន់នេះ ឱ្យមានភាពជោគជ័យដើម្បីឱ្យពលរដ្ឋកម្ពុជា និងពលករមានសមត្ថភាពនិងចំណេះជំនាញក្នុងវិស័យបច្ចេកវិទ្យាក្នុងគោលបំណងឆ្លើយតបទៅតាមតម្រូវការទីផ្សារដែលកំពុងត្រូវការខ្ពស់។
លោកស្រី បានបញ្ជាក់ថា វិស័យបច្ចេកវិទ្យា បានដើរតួនាទីយ៉ាងសំខាន់បំផុតក្នុងការអភិវឌ្ឍធនធានមនុស្សដែលជាគ្រឹះក្នុងការកសាងនិងអភិវឌ្ឍសង្គមជាតិ។
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ បានបញ្ជាក់ពីភាពសំខាន់នៃការអនុវត្តគម្រោងនាពេលនេះដែលពិតជាឆ្លើយតបទាន់ពេលវេលានឹងគោលនយោយបាយដ៏មានសារៈសំខាន់របស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំរបស់ក្រសួង ក្នុងការធ្វើបរិវត្តកម្មការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលជារបៀបវារៈ និងជាគោលដៅចម្បងបំផុតមួយក្នុងការជំរុញ កែប្រែ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជាពីឧស្សាហកម្មអតិពលកម្មឈានទៅ ឧស្សាហកម្មផ្អែកលើជំនាញក្នុងគោលបំណងឆ្លើយតបទៅតាមតម្រូវការទីផ្សារនាពេលបច្ចុប្បន្ននិងទៅអនាគត។ លោករដ្ឋមន្ត្រី បានបន្ថែមថា ដើម្បីឱ្យសិក្ខាកាម និងសិស្សនិស្សិត មានសមត្ថភាពខ្ពស់ក្នុងវិស័យបច្ចេកវិទ្យា សាលាបច្ចេកទេសដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួង នឹងដាក់បញ្ចូលការសិក្សាពីបច្ចេកវិទ្យាក្នុងការបណ្តុះបណ្តាលជំនាញទាំងអស់៕