ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានខិតខំយ៉ាងសកម្មក្នុងការផ្សព្វផ្សាយ និងគោះទ្វារទាក់ទាញវិនិយោគិនពីគ្រប់ទិសទី ដើម្បីឱ្យចូលមកវិនិយោគនៅកម្ពុជា ពិសេសជំរុញឱ្យរដ្ឋាភិបាលអាចសម្រេចបានផែនការឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។
នេះបើយោងតាមប្រសាសន៍របស់លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ថ្លែងក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារវិនិយោគរបស់វិស័យឯកជននៅកម្ពុជា កាលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។
នាឱកាសនោះ លោក ស៊ុន ចាន់ថុល បានលើកឡើងថា ស្របតាមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាដែលបានចាត់ទុកវិស័យឯកជនគឺជាក្បាលម៉ាស៊ីនយ៉ាងសំខាន់ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានខិតខំយ៉ាងសកម្មក្នុងការផ្សព្វផ្សាយ និងគោះទ្វារទាក់ទាញវិនិយោគិនពីគ្រប់ទិសទី ដើម្បីឱ្យចូលមកវិនិយោគនៅកម្ពុជា ជំរុញឱ្យរដ្ឋាភិបាលអាចសម្រេចបានផែនការឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។
សូមជម្រាបជូនដែរថាបើ គិតចាប់ពីខែមករា រហូតដល់ខែមិថុនា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មី, គម្រោងពង្រីកផលិតកម្ម, និងគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ១៩០គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣,២ពាន់លានដុល្លារអាមេរិក ដែលអាចបង្កើតការងារបានចំនួន ១៦៨.៥៧២កន្លែងជូនប្រជាពលរដ្ឋកម្ពុជា។
CDC បានបន្តថា បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣ ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន ៧៧គម្រោង ខណៈទុនវិនិយោគមានការកើនឡើងគួរឱ្យកត់សម្គាល់ដល់ទៅប្រមាណជាង ២ពាន់លានដុល្លារអាម៉េរិក។
ចំពោះទុនវិនិយោគតាមវិស័យក្នុងឆមាសទី១នេះដែរ រួមមាន ឧស្សាហកម្មនាំមុខគេប្រមាណ៥៦,៥៩% ហេដ្ឋារចនាសម្ព័ន្ធ ២៣,១១% កសិកម្ម និងកសិឧស្សាហកម្ម ២,២១% ទេសចរណ៍ ១៨,៧%។
ដោយប្រភពទុនវិនិយោគកម្ពុជាស្ថិតលេខរៀងទី១ មានចំនួន៥០,១៥% ប្រទេសចិនស្ថិតនៅលេខរៀងទី២ ក្នុងទុនសរុប ៤២,៦៤% សិង្ហបុរី ២,៩១% វៀតណាម១,០៥% ឥណ្ឌា ០,៥៦% កូរ៉េ ០,៤៩% និងប្រទេសផ្សេងៗទៀត៕