លើកឡើងក្នុងពិធីសម្ពោធបង្គោលផ្លាកឈ្មោះផ្លូវ មហាវិថី ស៊ី ជីនពីង នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា មិត្តចិនបានឈរជាប្រទេសលំដាប់ទី១ កំពុងផ្តល់ឥណទានសម្បទាន និងជំនួយជាង ៣ពាន់លានដុល្លារ និងសាងសង់ខ្សែផ្លូវប្រវែងជិត ៤ពាន់គីឡូម៉ែត្រ រួមទាំងស្ពានធំៗសរុបប្រមាណ ១៦ស្ពាន ប្រវែងសរុបជាង ១៤ពាន់ម៉ែត្រដល់កម្ពុជា។

លោក ស៊ុន ចាន់ថុល បន្តថា ចំពោះវិស័យវិនិយោគវិញសម្រាប់ឆមាសទី១ ឆ្នាំ២០២៤ មិត្តចិនគឺជាប្រទេសដែលបានបណ្តាក់ទុនវិនិយោគឈរនៅលំដាប់ទី២ ស្មើនឹង ៤២% នៃទំហំវិនិយោគសរុប ដែលមានទុនវិនិយោគសរុបប្រមាណ ១.៣ពាន់លានដុល្លារ។
បើតាមលោក ស៊ុន ចាន់ថុល គិតមកដល់ពេលនេះ គម្រោងធំៗជាច្រើនត្រូវបានលេចចេញជារូបរាង ដូចជា តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ, ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និង អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ហើយព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ និងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ក៏បាននិងកំពុងដំណើរការសាងសង់ដែលនឹងលេចរូបរាង ឡើងក្នុងពេលអនាគតផងដែរ។

ទន្ទឹមនឹងនោះ លោកក៏បានសម្តែងនូវការដឹងគុណចំពោះប្រជាជន និងរដ្ឋាភិបាលចិន ដែលជាដៃគូដ៏សំខាន់មួយគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជាយ៉ាងឆាប់រហ័សលើគ្រប់វិស័យនៅគ្រប់កាលៈទេសៈទាំងអស់ និងមិនមានលក្ខខណ្ឌស្មុគស្មាញ។ លោកក៏បានបន្តស្នើសុំឯកអគ្គរដ្ឋទូតចិន ជួយជំរុញលើកទឹកចិត្តក្រុមហ៊ុនវិនិយោគចិនបន្ថែម ឱ្យបន្តទុកចិត្តលើរាជរដ្ឋាភិបាល និងចូលរួមបណ្តាក់ទុនលើគម្រោងវិនិយោគធំៗនៅកម្ពុជា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍរីកចម្រើនឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់ផងដែរ។
សូមបញ្ជាក់ផងដែរថា កម្ពុជា និងចិន បានចាប់ផ្តើមទំនាក់ទំនងការទូតជាផ្លូវការ ចាប់តាំងពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ និងបានក្លាយទៅជាទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅខែធ្នូ ឆ្នាំ២០១០។ សម្រាប់ឆ្នាំ២០២៤នេះ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានកំណត់យកជា “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន” ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ការតភ្ជាប់រវាងប្រទេសទាំងពីរ និងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំរីកចម្រើនស្ថិតស្ថេរជាអមតៈ៕