ក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ ការនាំចេញកសិផលរបស់កម្ពុជា សម្រេចបានជាង ៦លានតោន កើនឡើងជិត ៦០ភាគរយ បើធៀបនឹងឆមាសទី១ ក្នុងឆ្នាំ២០២៣ ដែលជាកំណើនមិនធ្លាប់មាន ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយមកនេះនេះ។
យោងតាមបណ្តាញហ្វេសប៊ុកផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឱ្យដឹងនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤នេះថា វិស័យកសិកម្ម ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៤ នេះការនាំចេញកសិផលរបស់កម្ពុជា សម្រេចបានជាង ៦លានតោន កើនឡើងជិត ៦០ភាគរយ ធៀបនឹងឆមាសទី១ ក្នុងឆ្នាំ២០២៣ ដែលជាកំណើនមិនធ្លាប់មាន ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ ។ កសិផលប្រមាណ ៦លានតោន បាននាំចេញទៅកាន់ទីផ្សារ គោលដៅចំនួន ៧៧ប្រទេសទូទាំងពិភពលោក ។
សម្តេចធិបតីបន្តថា ៩៤% នៃកសិផលកម្ពុជា គឺឆ្ពោះទៅកាន់ទីផ្សារសំខាន់ៗដូចជា ប្រទេសចិន រួមមាន ចេក អង្ករ ដំឡូងមី ស្វាយ និងមៀន, ប្រទេសរៀតណាម រួមមាន ស្រូវ ចន្ទី ដំឡូងមី ស្វាយស្រស់, ប្រទេសថៃ រួមមាន ដំឡូងមី ស្វាយស្រស់ ម្ទេស កន្ទក់ ។
លើសពីនេះ កសិផលកម្ពុជា ដែលកំពុងមានកំណើនទីផ្សារក្រៅពីស្រូវ ស្វាយចន្ទី និងដំឡូងមី រួមមាន ស្វាយស្រស់ ដំណាប់ស្វាយ ទុរេន គ្រាប់ពោត មៀនស្រស់ ម្រេច និងម្ទេសស្រស់។ក្នុងនោះ គ្រាប់ស្វាយចន្ទីឆៅមានទំហំនាំចេញជាង ៨០០លានដុល្លារ ប្រហែល ១ភាគ៣ នៃតម្លៃនាំចេញ កសិផលសរុបរបស់កម្ពុជា ។
បើតាមសម្តេចធិបតី ទំហំទឹកប្រាក់ពីការនាំចេញកសិផលក្រៅពីស្រូវ-អង្ករសរុប ជាង ១៨០០លានដុល្លារ, ចំពោះកសិផលស្រូវ គិតជាទឹកប្រាក់ជាង ៤០០លានដុល្លារ, កសិផលអង្ករជាង ២០០លានដុល្លារ, ប្រភេទដំឡូងមី មានបរិមាណជាង ២,៥០លានតោន ដែលជាកំណើនខ្ពស់ជាងគេទី១ ក្នុងចំណោមកសិផលសំខាន់ដទៃទៀត ដោយទទួលបានទឹកប្រាក់ចំនួនជាង ៤៥០លានដុល្លារអាមេរិក៕