សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងអរគុណ និងកោតសរសើរចំពោះលោកស្រី ជា សេរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ចំពោះចំណាត់ការដ៏ឆាប់រហ័សលើករណីលុយដុល្លារចាស់ៗ ខណៈសម្តេចធិបតី ក៏បានបង្ហាញក្តីសង្ឃឹមថា ចំណាត់ការរបស់ធនាគារជាតិនឹងជួយវិស័យទេសចរណ៍ខេត្តសៀមរាបផងដែរ។
សម្តេចធិបតី កាលព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចយ៉ាងដូច្នេះថា៖« ខ្ញុំសូមអរគុណ និងកោតសរសើរចំពោះលោកស្រី ជា សេរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ចំពោះចំណាត់ការដ៏ឆាប់រហ័ស ក្នុងការដាក់ចេញនូវគោលការណ៍ពាក់ព័ន្ធនឹងការសម្រួលលក្ខខ័ណ្ឌសម្រាប់ការចាយក្រដាស់ប្រាក់ដុល្លារអាមេរិក ដែលមានសភាពចាស់ ប្រឡាក់ ឬខូចខាតខ្លះ នៅខេត្តសៀមរាប»។
សម្តេចធិបតី បន្តថា៖ បញ្ហាលំបាកពាក់ព័ន្ធនឹងការចាយវាយក្រដាសប្រាក់ដុល្លារអាមេរិកដែលមានសភាពចាស់ ប្រឡាក់ ឬខូចខាតខ្លះ បានបង្កការលំបាកសម្រាប់ការលក់ដូររបស់ប្រជាពលរដ្ឋនៅក្នុងខេត្ត ដែលបញ្ហានេះ ត្រូវបានបងប្អូនអ្នកលក់ដូរប្រាប់ខ្ញុំផ្ទាល់ ពេលដែលខ្ញុំចុះទៅ Pub Street កាលពីយប់ថ្ងៃទី ១៧ កក្កដា ២០២៤ កន្លងទៅនេះ។
ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា៖« ខ្ញុំសង្ឃឹមថាចំណាត់ការរបស់ធនាគារជាតិនៃកម្ពុជា នឹងលុបបំបាត់បញ្ហាលំបាកពាក់ព័ន្ធនឹងការចាយក្រដាសប្រាក់ដុល្លារអាមេរិក និងជួយសម្រួលដល់ការលក់ដូររបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាទេសចរណ៍ដែលទស្សនាខេត្តសៀមរាបផងដែរ»។
ជាថ្មីម្តងទៀត សម្តេចធិបតី ក៏បានសូមឱ្យសាខាធនាគារជាតិនៃកម្ពុជាខេត្តសៀមរាប បណ្ដាធនាគារឯកជនទាំងអស់នៅក្នុងខេត្តសៀមរាប ក៏ដូចជាបណ្ដាអាជីវកម្មឯកជន និងបងប្អូនប្រជាពលរដ្ឋអ្នកលក់ដូរទាំងអស់នៅក្នុងខេត្ត ចូលរួមអនុវត្តនូវគោលការណ៍ថ្មីរបស់ធនាគារជាតិនៃកម្ពុជាឱ្យបានស្រុះគ្នា ដើម្បីកុំឱ្យមានបញ្ហាពាក់ព័ន្ធនឹងការចាយក្រដាសប្រាក់ដុល្លារ ដែលមានសភាពចាស់ ឬប្រឡាក់បន្តទៀត។
សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងការលើកឡើងរបស់សម្តេចធិបតីនេះដែរ ធនាគារជាតិដាក់ចេញយន្តការបន្ទាប់សម្រាប់ខេត្តសៀមរាបពាក់ព័ន្ធប្រាក់ដុល្លារអាមេរិក ចាស់ ឬ ប្រឡាក់ ដោយតម្រូវឱ្យសាខាធនាគារពាណិជ្ជខេត្តសៀមរាបទទួលយកប្រាក់ដុល្លារអាមេរិកចាស់ឬ ប្រឡាក់ដោយមិនទាមទារកម្រៃសេវាពីអតិថិជនរបស់ខ្លួន។
ការសម្រេចនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំពិភាក្សាលើការសម្របសម្រួលចរាចរណ៍ក្រដាសប្រាក់ ដុល្លារអាមេរិកនៅខេត្តសៀមរាប ជាមួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុកាលពីថ្ងៃអាទិត្យទី២១ ខែកក្កដា ដែលដឹកនាំដោយលោកស្រី ជា សិរី អគ្គទេសាភិបាលធនាគារជាតិ។ កិច្ចប្រជុំនេះក៏ធ្វើឡើងបន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានស្នើឱ្យធនាគារជាតិរកដំណោះស្រាយអំពីបញ្ហាលុយដុល្លារនេះ កាល ពីថ្ងៃទី១៨ ខែកក្កដាកន្លងទៅ៕ អត្ថបទ៖ រង្សី