ធនាគារជាតិ តម្រូវឱ្យសាខាធនាគារពាណិជ្ជខេត្តសៀមរាប អនុវត្តយន្តការបន្ទាន់ចំនួន៤ ​ដើម្បីសម្រួលចរាចរណ៍លុយដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

ធនាគារ​ជាតិ​នៃកម្ពុជា បានដាក់​ចេញ​យន្តការ​បន្ទាប់​សម្រាប់​ខេត្ត​សៀមរាប​ពាក់​ព័ន្ធ​ប្រាក់​ដុល្លារ​អាមេរិក ចាស់ ឬ ប្រឡាក់ ដោយ​តម្រូវ​ឱ្យ​សាខាធនាគារ​ពាណិជ្ជ​ខេត្ត​សៀមរាប អនុវត្តយន្តការបន្ទាន់ចំនួន៤ ​ដើម្បីសម្រួលចរាចរណ៍លុយដុល្លារ ​ចាស់​ឬ ប្រឡាក់សម្រាប់ប្រជាពលរដ្ឋ និងទេសចរណ៍​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការ​សម្រេច​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​ពិភាក្សា​លើ​ការ​សម្រប​សម្រួល​ចរាចរណ៍​ក្រដាស​ប្រាក់​ ដុល្លារ​អាមេរិក​នៅ​ខេត្ត​សៀមរាប​ ជាមួយ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​​កាល​ពី​​ទី២១ ខែកក្កដា ដែលដឹកនាំ​ដោយ​លោកស្រី ជា សិរី អគ្គទេសាភិបាល​ធនាគារ​ជាតិ។ កិច្ច​ប្រជុំ​នេះ​ក៏​ធ្វើ​ឡើង​បន្ទាប់​ពី​សម្តេចធិប ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​បាន​ស្នើ​ឱ្យ​ធនាគារ​ជាតិ​រក​ដំណោះ​ស្រាយ​អំពី​បញ្ហា​នេះ​កាល ពី​ថ្ងៃទី​១៨ ខែកក្កដា កន្លងទៅ។

យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំពិភាក្សាលើការសម្របសម្រួលចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិក​ជា​​មួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៅខេត្តសៀមរាប ធនាគារជាតិនៃកម្ពុជា បានដាក់ចេញវិធានការមួយចំនួន ដើម្បីតម្រូវឱ្យសាខាធនាគារពាណិជ្ជអនុវត្តនៅក្នុងខេត្តសៀមរាបចាប់ពីថ្ងៃនេះតទៅ រួមមានយន្តការបន្ទាន់ធំៗចំនួន៤ ដូចជា៖

. តម្រូវឱ្យសាខាធនាគារពាណិជ្ជខេត្តសៀមរាប​ ទទួលយកប្រាក់ដុល្លារអាមេរិកចាស់ឬ ប្រ​ឡាក់​ ដោយមិនទាមទារកម្រៃសេវាពីអតិថិជន​របស់ខ្លួន លើកលែងតែ​ក្រដាសនោះជាប្រាក់ក្លែងក្លាយ។ .ក្នុងករណីក្រដាសប្រាក់ដុល្លារចាស់ខ្លាំងដែលគិតថាមិនគួរបន្តឱ្យចរាចរនៅលើទីផ្សារបាន​​ ធនាគារពាណិជ្ជនៅក្នុងខេត្តសៀមរាបត្រូវបញ្ជូនបន្តទៅប្តូរយកក្រដាសប្រាក់ថ្មី​នៅសាខាធនាគារជាតិខេត្តសៀមរាប ដោយពុំមានគិតកម្រៃសេវា និងពុំចាំបាច់​រង់ចាំផ្ញើទៅទីស្នាក់ការ​កណ្តាល​របស់ធនាគារពាណិជ្ជនៅរាជធានីភ្នំពេញនោះទេ។​

.តម្រូវឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងអស់នៅខេត្តសៀមរាបដាក់ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ២០ដុល្លារអាមេរិក និង៥០ ដុល្លារអាមេរិក ជំនួសក្រដាសប្រាក់ដុល្លារអាមេរិក ប្រភេទ ១០០ ដុល្លារអាមរិក នៅក្នុងម៉ាស៊ីនដកប្រាក់ (ATMs) ដើម្បីសម្រួលដល់ការចាយវាយរបស់ភ្ញៀវទេសចរ។ ដោយឡែក ការដាក់ប្រាក់បញ្ញើតាមម៉ាស៊ីនដាក់ប្រាក់គឺនៅទទួលគ្រប់ប្រភេទក្រដាសប្រាក់ដុល្លារអាមេរិក។ និង. រៀបចំផ្សព្វផ្សាយទៅកាន់អាជីវករប្តូរប្រាក់ ម្ចាស់សណ្ឋាគារនិងភោជនីយដ្ឋាន ដើម្បីឱ្យបានយល់កាន់តែច្បាស់និងគាំទ្រចំពោះវិធានការដែលបានដាក់ចេញខាងលើ និងត្រៀមសហការជាមួយធនាគារជាតិនៃកម្ពុជាក្នុងការអនុវត្តយន្តការបន្តទៀត។

គួរបញ្ជាក់ដែរថា បន្ថែម​លើ​យន្តការ​រយៈ​ពេល​ខ្លី ធនាគារជាតិ​ក៏​ជំរុញ​ការ​ប្រើ​ប្រាស់​កម្មវិធី​ទូរស័ព្ទ ​Bakong Tourist​ App ​ដែល​នឹង​ដំណើរ​ការ​នាពេល​ខាង​មុខ​នេះ ដើម្បី​គាំទ្រ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា តាម​រយៈ​ការ​ជួយ​សម្រួល​ដល់​ការ​ទូទាត់​របស់​ភ្ញៀវទេសចរ​អន្តរជាតិ​ ដែល​អញ្ជើញ​មក​កម្សាន្ត​នៅ​ប្រទេស​កម្ពុជា។ លើសពីនេះ ធនាគារជាតិ អះអាងថា ​ក៏​នឹង​សហការ​ជាមួយ​ក្រុមហ៊ុន​លក់​ម៉ាស៊ីន​រាប់​ស្រាល់​ជ្រើស​ ដើម្បី​កំណត់​លក្ខខណ្ឌ​ស្តង់ដារ​មួយ​ដែល​មានសង្គតិភាព​ជាមួយ​គ្នាផងដែរ៕ អត្ថបទ៖ រង្សី