សិស្សអនុវិទ្យាល័យ និងវិទ្យាល័យចំនួនជាង២២០នាក់ មកពីប្រទេសអាស៊ានទាំង១០ រួមទាំងប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង បានមកជួបប្រជុំគ្នានៅក្រុងសៀមរាប ប្រទេសកម្ពុជា ដើម្បីចូលរួម“កម្មវិធីអាស៊ានបូកបី វិថីអ្នកវិទ្យាសាស្រ្តវ័យក្មេងលើកទី១០”។
កម្មវិធីអាស៊ានបូកបី វិថីអ្នកវិទ្យាសាស្រ្តវ័យក្មេង ជាព្រឹត្តិការណ៍អប់រំប្រចាំឆ្នាំ ដែលមានគោលដៅជំរុញការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ផ្នែកវិទ្យាសាស្ត្រ ក្នុងចំណោមយុវជនដែលមានអាយុចាប់ពី១៣ ដល់ ១៥ ឆ្នាំ នៃប្រទេសអាស៊ានបូកបី។ កម្មវិធីនេះបណ្ដុះយុវជនជំនាន់ក្រោយដែលមានចំណាប់អារម្មណ៍ក្លាយជាវិស្វករ និងអ្នកវិទ្យាសាស្ត្រ ដោយត្រៀមពួកគេដើម្បីប្រឈមនឹងបញ្ហានាពេលអនាគត។
គួរឱ្យដឹងថា អាស៊ានបូកបី មាន១៣ប្រទេស រួមមានប្រទេសជាសមាជិកអាស៊ានទាំង១០គឺ ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម រួមនឹងប្រទេសចិន ជប៉ុននិងកូរ៉េខាងត្បូង។ ក្របខណ្ឌកិច្ចសហប្រតិបត្តិការអាស៊ានបូកបីផ្តោតលើវិស័យផ្សេងៗ រួមទាំងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវប្បធម៌។
លោក ញឹម ខេមរា ប្រធានគណៈកម្មាធិការរៀបចំកម្មវិធី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា «កម្មវិធីអាស៊ានបូកបី វិថីអ្នកវិទ្យាសាស្រ្តវ័យក្មេងលើកទី១០ បាននាំយកយុវជនវ័យក្មេងពីបណ្តាប្រទេសអាស៊ានបូកបី ដើម្បីចូលរួមសិក្សាស្វែងយល់ និងបង្កើតនវានុវត្តន៍ផ្នែកវិទ្យាសាស្ត្រនៅលើទឹកដីនៃខេត្តសៀមរាប។កម្មវិធីនេះ ផ្តល់ឱកាសពិសេសមួយសម្រាប់អ្នកដឹកនាំអនាគតរបស់យើង ដើម្បីឱ្យពួកគេបង្ហាញពីទេពកោសល្យ ផ្លាស់ប្តូរគំនិត និងសហការដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ។»
កម្មវិធីអាស៊ានបូកបី វិថីអ្នកវិទ្យាសាស្រ្តវ័យក្មេងលើកទី១០ ប្រព្រឹត្តទៅពីថ្ងៃទី២២-២៦ ខែកក្កដា ឆ្នាំ២០២៤ និងត្រូវបានរៀបចំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយមជ្ឈមណ្ឌលអាស៊ាន+៣ សម្រាប់អ្នកដែលមានទេពកោសល្យក្នុងវិស័យវិទ្យាសាស្ត្រ (ACGS) ។ ប្រធានបទឆ្នាំនេះ គឺ “ការប្រជែងនឹងការប្រែប្រួលអាកាសធាតុ” បង្ហាញពីតម្រូវការបន្ទាន់នៃដំណោះស្រាយនវានុវត្តន៍ សម្រាប់បញ្ហាដ៏ធំបំផុតមួយរបស់ពិភពលោក គឹការប្រែប្រួលអាកាសធាតុ។
លេខាធិការដ្ឋានអាស៊ាន បានបន្តគាំទ្រដល់សកម្មភាពទាំងឡាយនៃកម្មវិធីនេះ ដែលស្របតាមចក្ខុវិស័យរបស់សមាគមន៍អាស៊ានឆ្នាំ២០២៥សំដៅលើកកម្ពស់សហគមន៍មួយដែលមានភាពប្រកួតប្រជែងនវានុវត្តន៍និងជវភាព ជាមួយនឹងកំណើនផលិតភាពដ៏រឹងមាំ។
បើតាមលោក ញឹម ខេមរា ខណៈដែលអ្នកចូលរួមកំពុងចាប់ផ្តើមកម្មវិធីរយៈពេល ៥ ថ្ងៃដើម្បី សិក្សាស្វែងយល់ផ្នែកវិទ្យាសាស្ត្រ អភិវឌ្ឍខ្លួនឯង និងបង្កើតមិត្តភាព ពួកគេគួរចងចាំទស្សនៈរបស់អ្នកជំនាញនវានុវត្តន៍ដ៏ល្បីមួយរូបគឺលោក Peter Drucker ដែលបានលើកឡើងថា “នវានុវត្តន៍មិនចាំបាច់ទាល់តែបង្កើតអ្វីដែលថ្មីនោះទេ ប៉ុន្តែក៏អាចជាការប្រើប្រាស់ចំណេះដឹង និងធនធានដែលយើងមានឱ្យកាន់តែប្រសើរផងដែរ។”
ជាមួយគ្នានោះ លោកស្រី Kanchana Wanichkorn ប្រធានផ្នែកអភិវឌ្ឍន៍វិស័យនៃលេខាធិការដ្ឋានអាស៊ាន បានលើកឡើងថា «កម្មវិធីឆ្នាំនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់រដ្ឋជាសមាជិកអាស៊ាន និងប្រទេសអាស៊ានបូកបី។ វាផ្តល់ជាវាទិកាមួយសម្រាប់ឱ្យយុវជនដែលមានទេពកោសល្យ បានមកជួបជុំគ្នា និងសហការនៅក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដោយលើកទឹកចិត្តឱ្យមានការចែករំលែកចំណេះដឹង និងបទពិសោធន៍ ដើម្បីត្រៀមពួកគេឱ្យក្លាយជាវិស្វករ និងអ្នកវិទ្យាសាស្ត្រដែលពោរពេញដោយសមត្ថភាពនាពេលខាងមុខ»។
លោកស្រីបន្តថា «តាមរយៈការបណ្តុះស្មារតីចង់ដឹងចង់ឮ ការសហការ និងការប្តេជ្ញាចិត្តក្នុងការជំរុញ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា យើងចូលរួមជាមួយមជ្ឈមណ្ឌល ACGS ដើម្បីផ្តល់ភាពអង់អាចដល់សិស្ស គ្រូបង្រៀន និងសហគមន៍របស់យើង ឱ្យក្លាយជាភ្នាក់ងារដឹកនាំការផ្លាស់ប្តូរសម្រាប់បញ្ហាចាំបាច់របស់ពិភពលោក»។
ចំណែកសាស្ត្រាចារ្យ Soo-Young Lee នាយកកម្មវិធីនៃមជ្ឈមណ្ឌល ACGS ក៏បានលើកឡើងផងដែរថា «ចាប់តាំងពីកម្មវិធីនេះត្រូវបានបង្កើតនៅក្នុងឆ្នាំ២០១០ មជ្ឈមណ្ឌល ACGS បានប្តេជ្ញាចិត្តរៀបចំកម្មវិធីចម្រុះសម្រាប់សិស្ស និងគ្រូបង្រៀនផ្នែកវិទ្យាសាស្រ្តនៅក្នុងតំបន់អាស៊ាន។ នៅឆ្នាំនេះ យើងមានបំណងផ្តល់បទពិសោធន៍ពិសេសគួរឱ្យចងចាំមួយ។ ការចូលរួមដ៏ក្លៀវក្លារបស់ប្រទេសនីមួយៗនៅក្នុងកម្មវិធីបោះជំរុំសិស្ស និងសិក្ខាសាលាគ្រូ ពិតជាគួរឱ្យរំភើប»៕