កម្ពុជា និងចិន បានប្ដេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែរឹងមាំ និងប្រកបដោយផ្លែផ្កាបន្ថែមទៀត។នេះបើយោងតាមជំនួបពិភាក្សាការងាររវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយលោក វ៉ាង វិនពីន ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤។
នាឱកាសនៃជំនួប លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀតជូនប្រជាជន និងប្រទេសកម្ពុជា។ ជាមួយគ្នានេះ លោកក៏ជឿជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចធិបតី កម្ពុជានឹងមានការអភិវឌ្ឍរីកចម្រើនខ្លាំងក្លាបន្ថែមទៀត ហើយជីវភាពរបស់ប្រជាជនកម្ពុជានឹងត្រូវបានលើកកម្ពស់បន្ថែមទៀតផងដែ ខណៈលោកក៏ប្ដេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ និងប្រកបដោយផ្លែផ្កាផងដែរ។
ទន្ទឹមគ្នានេះ សម្ដេចធិបតី ក៏បានសម្ដែងនូវការពេញចិត្ត និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏យូរលង់ និងរឹងមាំរវាងប្រទេសទាំងពីរ ខណៈសម្តេចធិបតី ជឿជាក់ថា ក្នុងបេសកកម្មការទូតរបស់លោក ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន នឹងកាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត។
សូមបញ្ជាក់ដែរថា តាមរយៈជំនួបខាងលើ សម្តេចធិបតី និងឯកអគ្គរដ្ឋទូតចិន ក៏បានផ្លាស់ប្ដូរយោបល់ និងពិភាក្សាអំពីការបន្តជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំលើគ្រប់វិស័យ ដែលរួមមាន ជាអាទិ៍៖ វិស័យការពារជាតិ និងសន្តិសុខ, វិស័យថាមពល, វិស័យទេសចរណ៍, ការតភ្ជាប់រវាងប្រជាជន និងប្រជាជន, វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម, វិស័យកសិកម្ម, និងកិច្ចសហប្រតិបត្តិការច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា និងច្រករបៀងមច្ឆា និងអង្ករជាដើម៕