គណៈប្រតិភូក្រុមហ៊ុនចិន៤០ បានស្វែងរកឱកាសវិនិយោគនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

គណៈប្រតិភូក្រុមហ៊ុនចិនចំនួន៤០ ដែលមានកម្មវត្ថុអាជីវកម្មក្នុងវិស័យនុស្សាហកម្មវាយនភ័ណ្ឌ ដូចជា ការផលិតសម្លៀកបំពាក់ អាវ រងារ ស្បែកជើង ក្រណាត់និងជ្រលក់ពណ៌ សម្ភារៈសម្រាប់ផលិតសម្លៀកបំពាក់ ទ្រនាប់កអាវនិងមួក ការផលិតសូត្រ បានស្វែងរកឱកាសវិនិយោគនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមរយៈជំនួបពិភាក្សាការងាររវាងលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ជាមួយលោក ជាង ស៊ីអាន អនុប្រធានសភាពាណិជ្ជកម្មចិនសម្រាប់ការនាំចូល និងនាំចេញវាយនភណ្ឌ (China Chamber of Commerce for Import & Export of Textiles-CCCT) រួមទាំងគណៈប្រតិក្រុមហ៊ុនចិនចំនួន៤០ទៀត នៅថ្ងៃទី២២ កក្កដា ២០២៤។

នៅក្នុងជំនួបនោះ លោក ជា វុទ្ធី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈប្រតិភូក្នុងដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីបរិយាកាស និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា។ នេះជាលើកទី២ ក្នុងរយៈពេលបីខែដែលលោកបានទទួលជួបគណៈប្រតិភូវិនិយោគដឹកនាំដោយ CCCT ដែលនេះបង្ហាញពីឆន្ទះដ៏មោះមុតក្នុងការស្វែងរក ការបណ្តាក់ទុនវិនិយោគនៅកម្ពុជាយ៉ាងពិតប្រាកដ។

លោកបន្តថា រំហូរវិនិយោគចិនមកកម្ពុជា និងទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរដែលមានកំណើនខ្ពស់ជារៀងរាល់ឆ្នាំក្នុងរយៈពេលមួយ ទសវត្សរ៍ចុងក្រោយ ហើយក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៤ ការវិនិយោគចិនជាប់ចំណាត់ថ្នាក់លេខ១ បើ ប្រៀបធៀបនឹងការវិនិយោគបរទេសផ្សេងទៀត ដែលការណ៍នេះគឺដោយសារកត្តាសុខសន្តិភាព ស្ថិរភាព នយោបាយ និងភាពអំណោយផលនៃច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគរបស់កម្ពុជា។

ជាមួយគ្នានេះ ក៏បានគូសបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេស ចំនួន ៤៤ ដែលក្នុងនោះតំបន់សេដ្ឋកិច្ចពិសេសដែលកំពុងដំណើរការមាន ២៨។ កម្ពុជាក៏មានរោងចក្រផលិត សំបកកង់រថយន្ត រោងចក្រផលិតកង់ រោងចក្រផលិតសម្ភារៈបរិក្ខាអេឡិចត្រូនិក គ្រឿងសង្ហារឹម…។ល។ដែលខុស្សាហកម្មទាំងនេះមានការវិនិយោគជាចង្កោម។

ទន្ទឹមនឹងនោះ ដោយយោងលើស្ថានភាពនៃការវិនិយោគនៅកម្ពុជាដែលភាគច្រើននាំចូល វត្ថុធាតុដើម ឬផលិតផលពាក់កណ្តាលសម្រេចដើម្បីផលិតជាផលិតផលផ្សេងៗនាំចេញទៅទីផ្សារបរទេស លោក ជា វុទ្ធី ក៏បានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនធ្វើការគិតគួរវិនិយោគបង្កើតតំបន់ឧស្សាហកម្មនៅកម្ពុជា ដែលមានខ្សែច្រវាក់ផលតិកម្មពីលើដល់ក្រោម (upstream to downstream) ដើម្បីធ្វើជាមូលដ្ឋានផលិត សម្រាប់ទីផ្សារក្នុងស្រុក, ទីផ្សារក្នុងតំបន់ និងទីផ្សារពិភពលោក ព្រមទាំងបានលើកទឹកចិត្តដល់ក្រុមហ៊ុនក្នុងការការពារបរិស្ថាន តាមរយៈការប្រើប្រាស់ថាមពលស្អាត។

នាឱកាសនោះ លោក ជាង ស៊ីអាន ប្រធានគណៈប្រតិភូ បានបង្ហាញនូវការកត់សម្គាល់អំពីភាពរីកចម្រើនឥតឈប់ឈររបស់កម្ពុជា និងបានស្នើឱ្យសមាជិក គណៈប្រតិភូធ្វើឧទ្ទេសនាមអំពីសកម្មភាពវិនិយោតរបស់ខ្លួន និងគោលបំណងនៃការអញ្ជើញមកកម្ពុជា ក៏ដូចជាលើកឡើងនូវសំណួរពាក់ព័ន្ធនឹងការវិនិយោគនៅកម្ពុជា ដែលជារួមក្រុមហ៊ុនទាំងអស់មានបំណងពង្រីកការ វិនិយោគមកកម្ពុជា។

លោកក៏បានបង្ហាជំនឿជឿជាក់យ៉ាងមុតមាំថា បន្ទាប់ពីជំនួបពិភាក្សាការងារនេះ សមាជិកគណៈប្រតិភូនឹងធ្វើការសម្រេចចិត្តបណ្តាក់ទុន វិនិយោគនៅកម្ពុជាជាក់ជាពុំខាន៕