រាជធានីភ្នំពេញ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ – នៅក្នុងការជួបជុំជាពិសេសមួយ ធនាគារ អេស ប៊ី អាយ លី ហួរ នាពេលថ្មីៗនេះបានរៀបចំសិក្ខាសាលាពាក់កណ្តាលឆ្នាំ២០២៤ របស់ខ្លួន ដោយមានការចូលរួមពីសំណាក់ តំណាងក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រងនៅការិយាល័យ កណ្តាល គណៈគ្រប់គ្រងសាខា ប្រធានផ្នែកជាន់ខ្ពស់ និងបុគ្គលិកពាក់ព័ន្ធជាច្រើនទៀត។ ព្រឹត្តិការណ៍ពេញមួយថ្ងៃនេះ គឺក្នុងគោលបំណងដើម្បីបូកសរុបលទ្ធផលឆមាសទី០១ដែលសម្រេចបាន និងលើកទិសដៅសម្រាប់ឆមាសទី០២ ឆ្នាំ២០២៤ ក្នុងនោះក៏មាន ការចែករំលែកការយល់ដឹងដែលមានគុណតម្លៃជាច្រើន និងជាពិសេស ការជំរុញស្មារតីការងារជាក្រុម។
អ្នកចូលរួមទាំងអស់ ទទួលបានព័ត៌មានពីសមិទ្ធផលរបស់ធនាគារអំឡុងឆមាសទីមួយនៃឆ្នាំ២០២៤។ សិក្ខាសាលាបានគូសបញ្ជាក់ពីព្រឹត្តិការណ៍សំខាន់ៗ ពីគម្រោងដែលសម្រេចបាន រហូតដល់កំណើនប្រាក់ចំណូល។ មេរៀនដែលទទួលបានជោគជ័យ និងបញ្ហាប្រឈម ត្រូវបានយកមកពិភាក្សាដោយបើកចំហ និងសង្កត់ធ្ងន់លើការធ្វើឱ្យការងារកាន់តែប្រសើរឡើងជាបន្តបន្ទាប់។
ដោយសម្លឹងឆ្ពោះទៅមុខ ធនាគារ អេស ប៊ី អាយ លី ហួរ បានបង្ហាញពីចក្ខុវិស័យ និងយុទ្ធសាស្ត្ររបស់ខ្លួនសម្រាប់ឆមាសទីពីរ(២) នៃឆ្នាំនេះ។ ក្នុងនោះគោលដៅជាក់លាក់ត្រូវបានកំណត់ ស្របតាមបេសកកម្មរបស់ធនាគារ។ បុគ្គលិកបានយល់ច្បាស់ពីតួនាទី និងទំនួលខុសត្រូវរបស់ពួកគេ ដោយធានាបាននូវការខិតខំប្រឹងប្រែងរួមគ្នាឆ្ពោះទៅរកភាពជោគជ័យដែលលើសពីការរំពឹងទុក។
សិក្ខាសាលានេះមិនមែនផ្តោតតែទៅលើសកម្មភាពអាជីវកម្មតែមួយមុខនោះទេ គឺក៏ដើម្បីពង្រឹងការងារជាក្រុម ដោយបុគ្គលិកទាំងអស់បានចូលរួមក្នុងសកម្មភាពកីឡា ដោយដើរ និងរត់ជាក្រុម ទៅកាន់គោលដៅដែលបានកំណត់។ ដោយនៅទីបញ្ចប់ អ្នកចូលរួមទាំងអស់ ទទួលបានមេដាយម្នាក់មួយ ដែលបញ្ជាក់ពីភាពជោគជ័យ និងការចូលរួមសម្រេចបាននូវសមិទ្ធផលជាច្រើន ក្នុងអំឡុងឆមាសទី១ឆ្នាំ២០២៤កន្លងមក។ បន្ទាប់មកបុគ្គលិកទាំងអស់ បានជួបជុំនៅពេលល្ងាចប្រកបដោយភាពស្និទ្ធស្នាល និងរីករាយជាមួយនឹងអាហារពេលល្ងាច និងការរាំកំសាន្តជាមិត្តភាពផងដែររ។ តើសកម្មភាពទាំងនេះបង្កើតឡើងដើម្បីអ្វី? ប្រាកដណាស់ ដើម្បីពង្រឹងភាពជាម្ចាស់ បង្កើនសីលធម៌ក្នុងការងារ ការប្រាស្រ័យទាក់ទងគ្នាល្អ ក្នុងការធ្វើប្រតិបត្តិការអាជីវកម្មដោយភាពទទួលខុសត្រូវខ្ពស់ និងជាពិសេសបង្កើតការចងចាំ និងអនុស្សាវរីយយូរអង្វែង។
នៅក្នុងការពិភាក្សា អ្នកចូលរួមបានស្វែងយល់ពីហានិភ័យដែលអាចកើតមាន និងយុទ្ធសាស្ត្រកាត់បន្ថយហានិភ័យទាំងនោះ។ ការណែនាំពីប្រសិទ្ធភាពគ្រប់គ្រងការងារត្រូវបានចែករំលែក ដែលផ្តល់សិទ្ធិដល់គ្រប់បុគ្គលិកឱ្យបំពេញការងារកាន់តែឆ្លាតវៃ និងកែលម្អដំណើរការឱ្យកាន់តែប្រសើរឡើង។ ការផ្តោតសំខាន់មួយទៀតគឺ ទៅលើការសម្រេចបាននូវលទ្ធផលល្អ ខណៈពេលដែលរក្សាបាននូវការប្រុងប្រយ័ត្នខ្ពស់លើហានិភ័យដែលអាចកើតមានឡើង។
នៅពេលដែលសិក្ខាសាលាបានបញ្ចប់ បុគ្គលិកទាំងអស់ទទួលបាននូវព័ត៌មាន និងយល់ច្បាស់ពីគោលបំណង និងយុទ្ធសាស្រ្តរបស់ធនគារដែលនឹងត្រូវសម្រេចឲ្យបាននៅឆមាសទី២ឆ្នាំ២០២៤ នាពេលខាងមុខនេះ។ ជាមួយនឹងថាមពល ដែលផ្តើមចេញពីសកម្មភាពហ្វឹកហាត់ការងារជាក្រុម បុគ្គលិកទាំងអស់ត្រូវបានជំរុញ និងលើកទឹកចិត្ត ក្នុងការប្រឹងប្រែងបំពេញការងារឱ្យអស់ពីសមត្ថភាពរបស់ពួកគាត់ ។ លោក ជា ផល្លារិន អគ្គនាយកធនាគារ អេស ប៊ី អាយ លី ហួរ បានបង្ហាញសុទិដ្ឋិនិយមថា “ស្មារតីរួបរួមរបស់យើងនឹងជំរុញយើងឆ្ពោះទៅរកភាពជោគជ័យកាន់តែច្រើនៗឡើង និងឈានទៅមុខលើសពីការរំពឹងទុកលើគោលដៅរបស់យើងសម្រាប់ឆ្នាំ២០២៤ និងឆ្នាំជាបន្តបន្ទាប់”។
អំពីធនាគារ អេស ប៊ី អាយ លី ហួរ ម.ក.
ធនាគារ អេស ប៊ី អាយ លី ហួរ បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ក្នុងឆ្នាំ២០១២ ហើយបានប្រែក្លាយទៅជាធនាគារពាណិជ្ជ បន្ទាប់ពីទទួលបានអាជ្ញាបណ្ណជាធនាគារពាណិជ្ជ ពីធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ដោយមានការវិនិយោគពីដៃគូរយុទ្ធសាស្ត្ររវាង លោកអ្នកឧកញ៉ា លី ហួរ និងក្រុមហ៊ុនជប៉ុនដ៏ធំមួយ (ក្រុមហ៊ុនយក្ស) SBI Holdings, Inc.។
បច្ចុប្បន្ននេះ ធនាគារ អេស ប៊ី អាយ លី ហួរ មានបណ្តាញសាខាប្រតិបត្តិការនៅទូទាំង២៥ ខេត្ត/រាជធានីក្នុងប្រទេសកម្ពុជា ដែលមានទ្រព្យសកម្មជាងមួយពាន់លានដុល្លារអាមេរិក សាខាសរុបចំនួនសែសិបប្រាំបួន (៤៩) និងម៉ាស៊ីនដកប្រាក់/ដាក់ប្រាក់ សរុបជាងសាមសិបកន្លែង នៅទីតាំងសក្តានុពលផ្សេងៗគ្នា។ ទន្ទឹមនឹងនោះ ធនាគារក៏កំពុងបំពាក់បច្ចេកវិជ្ជាទំនើប និង ពង្រីកបណ្តាញសាខារបស់ខ្លួន និងបន្ថែមម៉ាស៊ីនដកប្រាក់/ដាក់ប្រាក់ សេវាផ្ទេរប្រាក់ក្នុងស្រុក និងអន្តរជាតិ និងសេវាធនាគារតាមទូរសព្ទឌីជីថល ក្នុងការផ្តល់សេវាហិរញ្ញវត្ថុដល់អតិថិជនឲ្យកាន់តែប្រសើរ និងបំពេញតម្រូវការរបស់អតិថិជន។