សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហោះសារនៅលើបណ្តាញសង្គមនាព្រឹកថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៤ថា ទោះបីប្រឈមនឹងការលំបាក ឬត្រូវប្រើពេលវេលាច្រើនយ៉ាងណា ក៏បេសកកម្មរុករកអាកាសយានិកទាំងពីររូបត្រូវតែបន្តទៅមុខ ខណៈគិតមកដល់ពេលនេះ បេកកម្មរុករក អស់រយៈពេល១២ ថ្ងៃ មកហើយ។
សម្តេចធិបតី បានបន្តថា អស់រយៈពេល ១២ ថ្ងៃ មកហើយ ដែលឧទ្ធម្ភាគចក្រមួយគ្រឿង របស់កងទ័ពជើងអាកាស នៃកងយោធពលខេមរភូមិន្ទ ហោះហើរដោយអាកាសយានិកចំនួន ២ រូប បានបាត់ការទាក់ទងជាមួយទីបញ្ជាការទ័ពអាកាស។
សម្តេចធិបតីបន្តថា ចាប់ពីពេលនោះមកទល់ពេលនេះ គឺមិនមានមួយវិនាទីណាដែលអាកាសយានិកទាំងពីររូប ត្រូវបានបំភ្លេចនោះទ្បើយ។ សម្តេចបន្តថា ការស្វែងរកឧទ្ធម្ភាគចក្រនោះ បានចាប់ផ្តើមភ្លាមៗបន្ទាប់ពីបាត់ការទាក់ទង ដោយមានការចូលរួមពីសំណាក់កងយោធពលខេមរភូមិន្ទ និងអាជ្ញាធរដែនដីនៅហ្នឹងកន្លែង ហើយមកដល់ម៉ោងនេះ កងកម្លាំងរុករករបស់យើងបានបន្តបេសកកម្មរបស់ខ្លួនទាំងយប់ទាំងថ្ងៃ មិនថាមេឃរាំង ឬភ្លៀង និងមិនថាក្នុងព្រៃជ្រៅ ឬឆ្លងកាត់ជ្រោះជ្រលងទឹកហូរនោះទេ ក៏ការស្វែងរកអាកាសយានិកទាំងពីររូបនៅតែបន្តជានិច្ច។
ទន្ទឹមគ្នានះ សម្តេចក៏សូម យកឱកាសនេះ ធ្វើការកោតសរសើរចំពោះការយកចិត្តទុកដាកខ្ពស់របស់ រដ្ឋមន្រ្តីក្រសួងការពារជាតិ និងថ្នាក់ដឹកនាំគ្រប់បណ្តាអង្គភាព និងក្រសួងពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងរុករកទាំងអស់ ហើយបានចូលរួមក្នុងបេសកកម្មនេះដ៏សំខាន់មួយនេះ។
សម្តេចធិបតី ក៏បានអរគុណចំពោះប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី ដែលបានបង្ហាញនូវសមានចិត្តព្រួយបារម្ភ និងការលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមរុករក ដើម្បីស្វែងរកអាកាសយានិករបស់យើងក្នុងភូមិសាស្ត្រ និងអាកាសធាតុដ៏លំបាកនេះ ។ សម្តេចបន្តថា ទោះបីប្រឈមនឹងការលំបាក ឬត្រូវប្រើពេលវេលាច្រើនយ៉ាងណាក៏ដោយ ក៏បេសកកម្មរុករកនេះត្រូវតែបន្តទៅមុខ រហូតដល់យើងអាចរកឃើញអាកាសយានិករបស់យើងទាំងពីររូប។
ជាថ្មីម្តងទៀត សម្តេចធិបតី ក៏សូមជូនពរដល់ក្រុមប្រតិបត្តិការរុករកទាំងអស់ សូមសមប្រកបតែនឹងសេចក្តីសុខ សុវត្ថិភាពក្នុងការបំពេញបេសកកម្មដ៏សំខាន់មួយនេះ ហើយសង្ឃឹមយ៉ាងមុតមាំថា យើងនឹងអាចរកឃើញបងប្អូនអាកាសយានិកទាំងពីររូបក្នុងពេលឆាប់ៗនេះផងដែរ។
សូមរម្លឹកដែរថា កាលពីថ្ងៃទី១២ ខែកក្កដា កន្លងទៅ ឧទ្ធម្ភាគចក្រយោធាមួយគ្រឿង ដែលក្នុងនោះអាកាសយានិកចំនួន២រូប បានបាត់ដំណឹង នៅតំបន់ជួរភ្នំក្រវ៉ាញ គឺនៅពេលកងទ័ពអាកាស ហ្វឹកហ្វឺន ក្នុងរយៈចម្ងាយឆ្ងាយ ពីភ្នំពេញ ទៅកាន់ខេត្តកោះកុង និងត្រូវវិលត្រឡប់ពីខេត្តកោះកុង មកភ្នំពេញវិញ។
ក្រោយហេតុការណ៍បាត់ឧទ្ធម្ភាគចក្រនោះ កងកម្លាំងចម្រុះ បានបើកប្រតិបត្តិការយ៉ាងស្វិតស្វាញ និងពង្រីកវិសាលភាពប្រតិបត្តិការរុករកកាន់តែធំជាងមុន៕ អត្ថបទ៖រង្សី