រដ្ឋមន្រ្តីពាណិជ្ជកម្ម៖ សុវត្ថិភាពម្ហូបអាហារ គឺជាបញ្ហាសំខាន់ទី១ ដែលត្រូវយកចិត្តទុកដាក់ដោះស្រាយ

សង្គម​ និង​សេដ្ឋកិច្ច

លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ប្រធានបទសុវត្ថិភាពម្ហូបអាហារ ត្រូវបានរាជរដ្ឋាភិបាល ចាត់ទុកជាបញ្ហាសំខាន់ទី១ ក្នុងចំណោមអតុល្យភាពទាំង១២ ដែលត្រូវយកចិត្តទុកដាក់ និងស្វែងរក ដំណោះស្រាយ ដោយគិតចាប់ពីកសិដ្ឋានផលិត រហូតដល់តុអាហារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រីរដ្ឋមន្រ្តីថ្លែងដូច្នេះ នៅក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពី “ការលើកកម្ពស់កិច្ចសហការសម្រាប់ការអនុវត្តប្រព័ន្ធត្រួតពិនិត្យម្ហូបអាហារនៅកម្ពុជាប្រកបដោយប្រសិទ្ធភាព” នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ នៅសណ្ឋាគារ ហាយយ៉ាត់រេជិនស៊ីភ្នំពេញ។

សិក្ខាសាលានេះរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម បានសហការជាមួយក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) និងសម្ព័ន្ធនាំចេញអាហារ និងកសិកម្ម (FAEA)) ដើម្បីជំរុញការអនុវត្តប្រព័ន្ធត្រួតពិនិត្យម្ហូបអាហាររបស់កម្ពុជា ឱ្យមានភាពកាន់តែរឹងមាំ ប្រទាក់ក្រឡាគ្នានិងមានប្រសិទ្ធភាព ចាប់ពីកសិដ្ឋានផលផលិតរហូតដល់តុអាហារ។ សិក្ខាសាលានេះដែរ ក៏មានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ អ្នកជំនាញបច្ចេកទេសសុវត្ថិភាពម្ហូបអាហារ  វិស័យឯកជន  ស្ថាប័នស្រាវជ្រាវ សមាគមអ្នកផលិតក្នុងស្រុក និងតំណាងស្ថាប័នអន្តរជាតិ  សរុប២២ស្ថាប័ន និងមានអ្នកចូលរួមសរុបជាង៩០នាក់ផងដែរ។

នាឱកាសនោះ លោកស្រី ចម និម្មល សង្ឃឹមថា សិក្ខាសាលាថ្នាក់ជាតិនេះ នឹងបង្កើនការយល់ដឹងដល់គ្រប់ភាគីអ្នកចូលរួម ឱ្យបានកាន់តែស៊ីជម្រៅបន្ថែមទៀត លើក្របខណ្ឌច្បាប់និងគោលនយោបាយសុវត្ថិភាពម្ហូបអាហារ តាមរយៈកិច្ចពិភាក្សា និងចែករំលែកបទពិសោធន៍ពីវាគ្មិនជាតិនិងអន្តរជាតិ លើប្រធានបទដែលពាក់ព័ន្ធ។

លោកស្រីបញ្ជាក់ថា៖«ជាងពេលណាៗទាំងអស់ ប្រធានបទសុវត្ថិភាពម្ហូបអាហារនេះ ត្រូវបានរាជរដ្ឋាភិបាល ចាត់ទុកជាបញ្ហាសំខាន់ទី១ ក្នុងចំណោមអតុល្យភាពទាំង១២ ដែលត្រូវយកចិត្តទុកដាក់ និងស្វែងរក ដំណោះស្រាយ ដែលគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាពម្ហូបអាហារ (ចាប់ពីកសិដ្ឋាន ដល់កន្លែងបរិភោគ) ត្រូវសហការនិងផ្ដល់ព័ត៌មានដល់គ្នា ដើម្បីសម្រួលដល់ការធ្វើផែនការនិងរៀបចំកម្មវិធីជាតិសម្រាប់ការអនុវត្តនិងការវិភាគ ដើម្បីគ្រប់គ្រងហានិភ័យដែលអាចកើតមាននៅគ្រប់ខ្សែច្រវាក់ផលិតកម្មម្ហូបអាហារ និងធានាថារាល់គោលការណ៍ណែនាំស្តីពីសុវត្ថិភាពម្ហូបអាហារត្រូវបានអនុវត្ត និងផ្សព្វផ្សាយជាសាធារណៈ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងអ្នកប្រើប្រាស់»។

ឆ្លៀតឱកាសនោះ លោកស្រី ក៏បានចែករំលែកនូវគំនិតបំផុសយោបល់មួយចំនួន ដូចជា ត្រូវពង្រឹងគុណភាព សុវត្ថិភាពម្ហូបអាហារ «ចាប់ពីកសិដ្ឋានដល់កន្លែងបរិភោគ ដើម្បីអាចធានាបាននូវសន្តិសុខស្បៀងអាហារនិងការផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក។ទន្ទឹមគ្នានេះ លោកស្រីថា ការអនុវត្តភាពជាដៃគូរវាងរាជរដ្ឋាភិបាល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ រឹតតែដើរតួនាទីសំខាន់ក្នុងការជួយគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការពង្រឹងសមត្ថភាព ក្នុងការអនុវត្តឱ្យបានពេញលេញ និងមានប្រសិទ្ធភាពនូវ “កិច្ចព្រមព្រៀងស្ដីពីវិធានការអនាម័យនិងភូតគាមអនាម័យ” របស់អង្គការ WTO។

គួរបញ្ជាក់ដែរថា ដើម្បីលើកកម្ពស់សុវត្ថិភាពអាហារនៅកម្ពុជា ក្រសួងពាណិជ្ជកម្ម បានរៀបចំច្បាប់ បទប្បញ្ញត្តិ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ ជាច្រើនដែលក្នុងនោះ ច្បាប់កំពុងស្ថិតក្នុងសុពលភាពអនុវត្ត ដើម្បីធានាបាននូវ សង្គតភាព និងភាពអនុលោមរបស់ប្រតិបត្តិករធុរកិច្ច ព្រមទាំងបំពេញតាមកាតព្វកិច្ចរបស់កម្ពុជាជាសមាជិកអង្គការតំបន់ និងអន្តរជាតិ មានជាអាទិ៍៖ ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សេចក្តីព្រាងច្បាប់ស្តីពីការទទួលខុសត្រូវលើផលិតផលមានវិការៈ និងច្បាប់សំខាន់ៗជាច្រើនទៀត។នេះបើតាមការឱ្យដឹងពីលោកស្រី ចម និម្មល៕ អត្ថបទ៖ រង្សី