ក្រសួងរៀបចំដែនដី ដោះស្រាយវិវាទដីធ្លី បានជាង១ម៉ឺន៣ពាន់ករណី ស្មើជិត៩០ភាគរយនៃជម្លោះ

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ៖ គិតមកដល់ពេលបច្ចុប្បន្ននេះ ការដោះស្រាយវិវាទដីធ្លីបានជាង ១៣,០០០ករណី ស្មើនឹងជិត៩០ភាគរយនៃជម្លោះ ហើយនៅមានវិវាទតិចតួចប្រមាណជាង២ពាន់ករណី។នេះបើយោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចាប់តាំងពីឆ្នាំ២០២៣មក ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវយុទ្ធសាស្ត្រចុះដោះស្រាយវិវាទដីធ្លីនៅទូទាំងប្រទេសកម្ពុជា។ យោងតាមរបាយការណ៍ ក្រសួងទទួលបានពាក្យបណ្ដឹងពាក់ព័ន្ធវិវាទដីធ្លីនេះចំនួន ១៥,៦៤២ ករណី ដោះស្រាយបញ្ចប់បាន ១៣,៦១៥ ករណី ដែលស្មើនឹង ៨៧.០៤% និងកំពុងបន្តដោះស្រាយចំនួន២,០២៧ករណី ហើយករណីដីសម្បទានសេដ្ឋកិច្ចដំណាំអំពៅ នៅខេត្តកោះកុង ជាករណីក្តៅជាច្រើនឆ្នាំក្រសួងដោះស្រាយសម្រេចបាន ១០០%។

បើតាមរបាយការណ៍បានរកឃើញថា ឬសគល់នៃវិវាទ ដែលជាកត្តាធំៗ ដែលនាំឱ្យមានជម្លោះ ដែលក្នុងនោះមានវិវាទដីមិនទាន់ចុះបញ្ជី ការគ្រប់គ្រងកាន់កាប់មិនជាប់លាប់ ការកំណត់ព្រំដីរដ្ឋមិនទាន់ច្បាស់លាស់ ខ្វះការយល់ដឹងអំពីផ្លូវច្បាប់ ការរៀបចំដែនដី លំនៅដ្ឋាន ការបង្កើតឱ្យមានចលនាតវ៉ាដោយមានការញុះញង់នៅពីក្រោយក្នុងលេសនយោបាយ ដែលសុទ្ធសឹងជាឬសគល់ដែលនាំឱ្យមានវិវាទដីធ្លីកើតឡើង។

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់ទុកការដោះស្រាយវិវាទដីធ្លី គឺជារឿងសំខាន់ ដើម្បីឈានទៅរកការចុះបញ្ជីត្រឹមត្រូវតាមច្បាប់ និង ជាពិសេសទប់ស្កាត់ក្រុមជនឆ្លៀតឱកាសដែលយកយកបញ្ហាជម្លោះដីធ្លីនេះកេងចំណេញនយោបាយ វាយប្រហាររាជរដ្ឋាភិបាលកម្ពុជា។

សម្រាប់លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ចាត់ទុកលទ្ធផលនៃការដោះស្រាយជម្លោះនេះ គឺជាប្រវត្តិសាស្ត្ររបស់កម្ពុជា ដើម្បីឈានទៅបញ្ចប់ជម្លោះទាំងស្រុងនៅពេលខាងមុខ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានថ្លែងបន្តថា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ការងារចុះបញ្ជីដីធី្លគឺជាបញ្ហាមួយដ៏សំខាន់ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញលើបញ្ហានេះ។

ឯកឧត្តមបានជំរុញឱ្យក្រុមការងារចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ត្រូវខិតខំបំពេញភារកិច្ចនេះឲ្យបានល្អត្រឹមត្រូវ និងឆាប់រហ័សស្របទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាលដែលបានកំណត់ ជាពិសេសនោះ គឺការបន្តសកម្មភាពរៀបចំចុះបញ្ជី ដីធ្លីជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងសុក្រិតភាព ជាមួយនឹងការធ្វើការកែសម្រួល ដោយកាត់ឆ្វៀលជូនប្រជាពលរដ្ឋ ដែលមានតាំងទីលំនៅពិតប្រាកដ និងរស់នៅរយៈពេលយូរមកហើយ៕