សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជាបានអះអាងថា កម្ពុជា នឹងទទួលបានផលប្រយោជន៍ធំៗចំនួន៤ ពីក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ និងវៀតណាម ( CLV DTA )។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ បានលើកឡើងទាក់ទិនទៅនឹងក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ( CLV DTA ) គឺឆ្លើយតបទៅនឹងជនមួយក្តាប់តូចដែលនិយាយថា កម្ពុជានឹងមានការផ្លាស់ប្តូរនូវអធិបតេយ្យតាមរយៈបង្កើតកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ (CLV)នេះ។
នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា កម្ពុជាទទួលបានផលប្រយោជន៍ច្រើនជាងគេ ក្នុងតំបន់ត្រីកោណនេះ ដោយក្នុងនោះ មាន៤ចំនុចធំៗរួមមាន៖ ទី១ ជម្រើសផ្នែកសេដ្ឋកិច្ចដ៍ល្អងាយស្រួលក្នុងការដឹកទំនិញ លក់ដូរផលិតផលរបស់ប្រជាពលរដ្ឋ ទី២ បញ្ហាសន្តិសុខ ការពារជាតិ ទប់ស្កាត់ការរត់ពន្ធគ្រឿងញៀន ការកាប់ឈើ និងចលនាប្រដាប់អាវុធពីវៀតណាមនិងឡាវ ទី៣ កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ សុខាភិបាល និងបណ្ដុះបណ្ដាលធនធានមនុស្ស និងទី៤ សហការលើការគ្រប់គ្រងគ្រោះមហន្តរាយ ទឹកជំនន់ ភ្លើងឆេះព្រៃនៅតាមព្រំដែន។
ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំទៅពួកជនអគតិមួយក្តាប់តូចដែលនិយាយថា កម្ពុជានឹងមានការផ្លាស់ប្តូរនូវអធិបតេយ្យតាមរយៈបង្កើតកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ (CLV)នោះ គឺជាការប្រមាថ យ៉ាងធ្ងន់ធ្ងរដោយមិនអាចលើកលែងឱ្យបាននោះឡើយ ហើយចំពោះបុគ្គលដែលបាននិយាយបំភ្លៃការ ពិតនេះ សម្តេចក៏បានស្នើរឱ្យតុលាការកាត់ទោសទៅតាមច្បាប់ និងមិនត្រូវឈ្មោះពួកគេចូលក្នុងបញ្ជីបន្ធូរបន្ថយទោស និងលើកលែងទោសនោះឡើយ៕