ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ នៃប្រទេសជប៉ុន បានបើកកិច្ចប្រជុំទ្វេភាគីលើកទី៦ កម្រិតថ្នាក់ដឹកនាំរវាង កម្ពុជា-ជប៉ុន ដើម្បីពិភាក្សាលើការជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការបច្ចេកទេសលើការងារប្រព័ន្ធលូ និងប្រព័ន្ធទឹកកខ្វក់ឱ្យបានកាន់តែប្រសើរ។
កិច្ចប្រជុំទ្វេភាគីលើកទី៦ កម្រិតថ្នាក់ដឹកនាំរវាង កម្ពុជា-ជប៉ុន កាលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ភាគីទាំងពីរ បានពិភាក្សាលើកិច្ចសហប្រតិបត្តិការបច្ចេកទេសលើការងារប្រព័ន្ធលូទឹកកខ្វក់ ក្នុងមូលបទ “ជំរុញការសាងសង់គម្រោងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ និងពង្រីកវិសាលភាពតំបន់គ្របដណ្តប់បណ្តាញលូ”។
កិច្ចប្រជុំនេះដែរ ធ្វើឡើងក្រោមការដឹកនាំដោយលោក រស់ វណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និង លោក MASUBARA Hidenori ជំនួយការអនុរដ្ឋមន្ត្រី និងជាលេខាផ្ទាល់លោករដ្ឋមន្ត្រីនៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទេសចរណ៍ (MLIT) នៃប្រទេសជប៉ុន និងមានការចូលរួមពីមន្រ្តីជំនាញកម្ពុជា និងជប៉ុន ប្រមាណ៥០នាក់ទៀតផង។
ថ្លែងនាឱកាសនោះ លោក រស់ វណ្ណា បានឱ្យដឹងថា កិច្ចប្រជុំនេះរៀបចំឡើងជាទៀងទាត់ប្រចាំឆ្នាំ ក្នុងគោលបំណងបង្ហាញសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការបច្ចេកទេសក្រោយបានចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ (MOC) ជាមួយគ្នាតាំងពីឆ្នាំ២០១៨ និងដើម្បីពិភាក្សាលើគម្រោងគាំទ្រអនុវត្តកន្លងមក រហូតដល់បច្ចុប្បន្ន របស់ខាងកម្ពុជា ដែលមានការចូលរួមពីដៃគូអភិវឌ្ឍពាក់ព័ន្ធ ក្នុងនោះមានទាំងមិត្តជប៉ុនផងដែរ។
បើតាមក្រសួងសារធារណការ បានឱ្យដឹងទៀតថា កិច្ចប្រជុំនេះ កម្ពុជា-ជប៉ុន ក៏មានការចែករំលែកនូវបទពិសោធន៍ការអនុវត្តកិច្ចការងារអំពី វិស័យប្រព័ន្ធលូ និងប្រព័ន្ធទឹកកខ្វក់ រវាងប្រទេសទាំងពីរ ក្នុងធ្វើឱ្យមានភាពកាន់តែប្រសើរឡើងលើការគ្រប់គ្រងកិច្ចការងារខាងប្រព័ន្ធលូទឹកកខ្វក់នៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ លើកកម្ពស់បរិស្ថានទឹកនៅតាមតំបន់ទីប្រជុំជននានា បន្តបង្កើនចំណងមិត្តភាពរវាងដៃគូអភិវឌ្ឍន៍ពីមិត្តជប៉ុន មកជួយដល់កម្ពុជាបន្ថែមទៀត ជាពិសេសលើគម្រោងអភិវឌ្ឍន៍វិស័យប្រព័ន្ធលូ និងប្រព័ន្ធទឹកកខ្វក់នៅកម្ពុជា នាពេលបច្ចុប្បន្ន និងទៅថ្ងៃខាងមុខ។
ជាងនេះទៀត កិច្ចប្រជុំនេះ ក៏បានចែករំលែកពីការពង្រឹងសមត្ថភាពចំពោះការគ្រប់គ្រងថែទាំបណ្តាញលូមានស្រាប់ឱ្យបានត្រឹមត្រូវ និងពង្រឹងសមត្ថភាពផ្នែកទន់ ដោយត្រូវរៀបរៀងផែនទីគោល ទិសដៅសកម្មភាពការងារដែលត្រូវអនុវត្តបន្ត ដើម្បីផ្តល់ភាពងាយស្រួលតាមដាន ការហ្វឹកហាត់វិធានការឆ្លើយតបបានទាន់ពេលផងដែរ៕