ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានរៀបចំសិក្ខាសាលាចែករំលែកពីយន្ដការត្រួតពិនិត្យការវិនិយោគនៅក្នុងប្រទេសកំពុងអភិវឌ្ឍដូចជា ប្រទេសចិន ឥណ្ឌា និងវៀតណាម ដើម្បីបញ្ជ្រាបចំណេះដឹងបន្ថែមពាក់ព័ន្ធដល់មន្ត្រីបច្ចេកទេស។
សិក្ខាសាលានេះ បានរៀបចំឡើងកាលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ក្រោមវត្តមានលោក ឡោ ទិត្យច័ន្ទសុភក្ដិ ទីប្រឹក្សាអមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Kenn Especkerman-True នាយកផ្នែកគោលនយោបាយសេដ្ឋកិច្ច និងពាណិជ្ជកម្មប្រចាំតំបន់អាស៊ីអាគ្នេយ៍ ព្រមទាំងមានការចូលគណៈកម្មាធិការវិនិយោគកម្ពុជា មន្ត្រីប្រចាំតុវិនិយោគតាមប្រទេស និងមន្រ្តីតុវិនិយោគកសិ-ចំណីអាហារ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សរុបចំនួនប្រមាណជាង ៥០ រូប។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចែករំលែក និងបញ្ជ្រាបចំណេះដឹងបន្ថែមពាក់ព័ន្ធនឹងយន្ដការត្រួតពិនិត្យការវិនិយោគនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដល់មន្ត្រីបច្ចេកទេសដែលមានភារកិច្ចរៀបចំ គោលនយោបាយវិនិយោគក៏ដូចជាភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងការទាក់ទាញវិនិយោគ និងត្រៀមខ្លួនក្នុងការគិតគូរ រៀបចំឱ្យកាន់តែមានភាពទាក់ទាញនូវគោលនយោបាយពាក់ព័ន្ធនាពេលខាងមុខ។
សូមជម្រាបជូនដែរថា បើគិតចាប់ពីខែមករា រហូតដល់ខែមិថុនា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មី, គម្រោងពង្រីកផលិតកម្ម, និងគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ១៩០គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣,២ពាន់លានដុល្លារអាមេរិក ដែលអាចបង្កើតការងារបានចំនួន ១៦៨.៥៧២កន្លែងជូនប្រជាពលរដ្ឋកម្ពុជា។
CDC បានបន្តថា បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣ ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន ៧៧គម្រោង ខណៈទុនវិនិយោគមានការកើនឡើងគួរឱ្យកត់សម្គាល់ដល់ទៅប្រមាណជាង ២ពាន់លានដុល្លារអាម៉េរិក។
ក្នុងនោះដែរ ប្រភពទុនវិនិយោគកម្ពុជាស្ថិតលេខរៀងទី១ មានចំនួន៥០,១៥%, ប្រទេសចិនស្ថិតនៅលេខរៀងទី២ ក្នុងទុនសរុប ៤២,៦៤% សិង្ហបុរី ២,៩១% វៀតណាម១,០៥% ឥណ្ឌា ០,៥៦% កូរ៉េ ០,៤៩% និងប្រទេសផ្សេងៗទៀត៕ អត្ថបទ៖ រង្សី