រយៈពេល៦ខែទុនបម្រុងអន្តរជាតិរបស់កម្ពុជាមាន២០ប៊ីលានដុល្លារអាមេរិក

សង្គម​ និង​សេដ្ឋកិច្ច

គិតត្រឹមចុងឆមាសទី១ទុនបម្រុងអន្តរជាតិមានចំនួន ២០ ប៊ីលានដុល្លារអាមេរិក ប្រហាក់ប្រហែលនឹងចុងឆ្នាំ ២០២៣ បើទោះបីជាប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់នៃស្ថានភាពហិរញ្ញវត្ថុ និងសេដ្ឋកិច្ចអន្តរជាតិក៏ដោយ។នេះបើតាមការបញ្ជាក់របស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ របស់ធនាគារជាតិនៃកម្ពុជា (NBC) បានឱ្យដឹងថា៖ ទុនបម្រុងអន្តរជាតិបានប្រែប្រួលតិចតួចប៉ុណ្ណោះ ពោលគឺថយត្រឹមតែ ០,១% ដោយមានកម្រិត ២០ ប៊ីលានដុល្លារអាមេរិក ប្រហាក់ប្រហែលនឹងចុងឆ្នាំ២០២៣ (២០ ប៊ីលានដុល្លារអាមេរិក)។

គួរឱ្យដឹងថា៖ ទុនបម្រុងអន្តរជាតិ (Foreign Exchange Reserves) គឺជាទ្រព្យសម្បត្តិរបស់ប្រទេសមួយ ដែលទទួលស្គាល់ជាអន្តរជាតិ និងគ្រប់គ្រងដោយអាជ្ញាធររូបិយវត្ថុ ទុកប្រើប្រាស់ក្នុងករណីចាំបាច់ដូចជាការផ្តល់ហិរញ្ញប្បទានដល់ជញ្ជីងទូទាត់ ប្រសិនបើមានតម្រូវការ, ការធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ដើម្បីគ្រប់គ្រងការប្រែប្រួលអត្រាប្តូរប្រាក់ និងការរក្សាជំនឿទុកចិត្តលើរូបិយវត្ថុនិងសេដ្ឋកិច្ចជាតិ។

របាយការណ៍ដដែលនេះ បានបញ្ជាក់ថា ការថយចុះនេះបណ្តាលមកពីកត្តាមួយចំនួន ដូចជា ការថយចុះនៃប្រាក់បញ្ញើរបស់រាជរដ្ឋាភិបាល ការថយចុះនៃប្រាក់បម្រុងកាតព្វកិច្ច និងការរងសម្ពាធពីការប្រែប្រួលស្ថានភាពទីផ្សារហិរញ្ញវត្ថុអន្តរជាតិ តាមរយៈការកើនឡើងនៃអត្រាចំណូលសញ្ញាប័ណ្ណវិនិយោគ ដែលរងឥទ្ធិពលពីភាពមិនប្រាកដប្រជាក្នុងការកាត់បន្ថយអត្រាការប្រាក់គោលរបស់បណ្តាធនាគារ កណ្តាលធំៗ ជាពិសេស ធនាគារកណ្តាលអាមេរិក និងធនាគារកណ្តាលអឺរ៉ុប។ ទុនបម្រុងអន្តរជាតិ មានកម្រិតខ្ពស់គ្រប់គ្រាន់ដែលស្មើនឹង ៧ខែ នៃការនាំចូលទំនិញនិងសេវានាគ្រាបន្ទាប់។

លោកជំទាវបណ្ឌិត បានថ្លែងថា ៖“បច្ចុប្បន្ន ទុនបម្រុងអន្តរជាតិមានកម្រិត ស្មើនឹង ៧ខែនៃការនាំចូលទំនិញនិងសេវាសម្រាប់គ្រាបន្ទាប់ ដែលខ្ពស់ជាងកម្រិតអប្បបរមា ៣ខែ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ដែលត្រូវបានចាត់ទុកថាខ្ពស់គ្រប់គ្រាន់ក្នុងការរួមចំណែករក្សាជំនឿទុកចិត្តរបស់វិនិយោគិន និងសាធារណជនមកលើស្ថិរភាពសេដ្ឋកិច្ចកម្ពុជា ដែលជាមូលដ្ឋានចាំបាច់មួយក្នុងការបង្កើនប្រសិទ្ធភាពនៃការអនុវត្តនយោបាយរូបិយវត្ថុនិងអត្រាប្តូរប្រាក់។”

ទន្ទឹមនេះ ធនាគារជាតិ បានឱ្យដឹងថា ការវិនិយោគទុនបម្រុងអន្តរជាតិត្រូវបានអនុវត្តដោយប្រុងប្រយ័ត្ន និងមានភាពបត់បែនខ្ពស់។ ហានិភ័យនៃការវិនិយោគត្រូវបានគ្រប់គ្រង និងតាមដានយ៉ាងហ្មត់ចត់ ដោយគោរពតាមសេចក្តីណែនាំការវិនិយោគរបស់ធនាគារជាតិនៃកម្ពុជា សំដៅធានាឱ្យបាននូវការគ្រប់គ្រងទុនបម្រុងអន្តរជាតិប្រកបដោយសុវត្ថិភាព សន្ទនីយភាព និងទទួលបានចំណូលសមស្រប៕