ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុនបច្ចេកវិទ្យាYalong បានឯកភាពថា នឹងរួមគ្នាជំរុញលើការពង្រឹងសមត្ថភាពលើការកសាងធនធានមនុស្សកម្ពុជាឱ្យមានផលិតភាពកាន់តែខ្ពស់តាមរយៈបច្ចេកវិទ្យាទំនើប។
ការលើកឡើងរបស់ភាគីទាំងពីរ បានធ្វើឡើងតាមរយៈជំនួបពិភាក្សាងារ រវាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Chen JiQuan ប្រធានក្រុមហ៊ុន Yalong Intelligent Equipment Group Co., Ltd កាលរសៀលថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៤។

ក្រសួងការងារ បានឱ្យដឹងថា ជំនួបពិភក្សានេះ គឺធ្វើឡើងដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល និងកសាងធនធានមនុស្សកម្ពុជាលើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងបរិបទបច្ចេកវិទ្យាទំនើបដើម្បីផលិតធនធានមនុស្សកម្ពុជាឱ្យមានផលិតភាពការងារខ្ពស់ដែលជាផ្នែកការទាក់ទាញការវិនិយោគបន្ថែមទៀតមកកម្ពុជា។

ក្នុងនោះឱកាសនោះដែរលោករដ្ឋមន្ត្រី ហេង សួរ បានគូសបញ្ជាក់ពីភាពចាំបាច់នៃការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាទំនើបដើម្បីឱ្យពលរដ្ឋកម្ពុជា មានជំនាញជាក់លាក់ពិតប្រាកដ និងស្របទៅតាមការវិវត្តនៃបច្ចេកវិទ្យានាពេលបច្ចុប្បន្នដែលជាគន្លឹះយ៉ាងសំខាន់ក្នុងការបង្កើនផលិតភាពនៃកម្លាំងពលកម្មកម្ពុជាក្នុងទីផ្សារ និងជាការប្រែក្លាយឱ្យកម្ពុជាក្លាយជាគោលដៅដ៏ទាក់ទាញនៃការវិនិយោគបន្ថែមទៀតពីសំណាក់វិនិយោគិនបរទេស។
ដោយលោកបានបន្តថា៖« ដើម្បីចូលរួមក្នុងការសម្រេចទិសដៅដ៏ពិសិដ្ឋនេះ ការបំពាក់បច្ចេកវិទ្យាទំនើបនៅវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស គឺជាកិច្ចការចាំបាច់ដែលទាមទារឱ្យមានកិច្ចសហការជាមួយដៃគូពីវិស័យឯកជនដែលមានបច្ចេកវិទ្យាទំនើបដើម្បីធានាពីប្រសិទ្ធភាព និងប្រសិទ្ធផលដែលនឹងឆ្លើយតបតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា»។

ជាមួយគ្នានេះ លោក Chen JiQuan ប្រធានក្រុមហ៊ុន Yalong បានគាំទ្រចំពោះឆន្ទៈនៃការធ្វើទំនើបកម្មរបស់ក្រសួងការងារដើម្បីបង្កើនផលិតភាពការងារជូនប្រជាពលរដ្ឋកម្ពុជាឱ្យស្របទៅនឹងតម្រូវការទីផ្សារដែលផ្សារភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាទំនើបចុងក្រោយដែលជាគន្លឹះក្នុងការទាក់ទាញវិនិយោគិន។
យ៉ាងណាក៏ដោយ តាមរយៈជំនួបខាងលើ ដើម្បីឈានដល់កិច្ចសហការជាផ្លែផ្កា ភាគីទាំងពីរ ក៏បានឯកភាពក្នុងការសិក្សា និងស្វែងយល់ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតដើម្បីជំរុញលើការពង្រឹងសមត្ថភាពលើការកសាងធនធានមនុស្សកម្ពុជាឱ្យមានផលិតភាពកាន់តែខ្ពស់តាមរយៈបច្ចេកវិទ្យាទំនើប។
សូមរំលឹកដែរថា បច្ចុប្បន្ន កម្ពុជា កំពុងអនុវត្ត កម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិស្តីពី ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥ លាននាក់ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលបានបើកជាផ្លូវការ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣។ ជុំវិញរឿងនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏ធ្លាប់បានលើកទឹកចិត្តដល់ក្រុមហ៊ុនជាតិ និងអន្តរជាតិ ព្រមទាំងវិស័យឯកជន ឱ្យបើកថ្នាល់បណ្ដុះបណ្ដាលកសាងសកមត្ថភាពធនធានមនុស្សកម្ពុជា ពិសេសផ្ដល់ឱកាសដល់យុវជនដែលកំពុងរៀនជំនាញវិជ្ជាជីវៈ អាចមកហាត់ការនៅក្នុងក្រុមហ៊ុនដោយផ្ទាល់ ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ៕
អត្ថបទ៖ រង្សី

