លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងលោកឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលទើបតែងតាំងថ្មី បានជួបពិភាក្សាគ្នា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគនៅកម្ពុជា ព្រមទាំងដើម្បីពង្រឹងមិត្តភាពកម្ពុជា-ចិនឱ្យកាន់តែខ្លាំងថែមទៀត។
ជំនួបពិភាក្សារវាង លោក ស៊ុន ចាន់ថុល និងលោក វ៉ាង វិនពីន (Wang Wenbin) បានធ្វើឡើងនាទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលរសៀលថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ២០២៤។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឱ្យដឹងថា កិច្ចពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណងរឹតបន្តឹងចំណងមិត្តភាពការទូតរវាងប្រទេសទាំងពីរ កម្ពុជា-ចិន ឱ្យកាន់តែមានភាពរឹងមាំល្អប្រសើរ ប្រកបដោយផ្លែផ្កា ព្រមទាំងពិភាក្សាផ្លាស់ប្តូរយោបល់ អំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាពិសេសលើការងារទាក់ទាញការវិនិយោគ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានានៅកម្ពុជា ឱ្យកាន់មានភាពរីកចម្រើនបន្ថែមទៀត។
ថ្លែងក្នុងជំនួបនេះដែរ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរជូនចំពោះ លោកឯកអគ្គរដ្ឋទូតចិន ដែលទើបទទួលបានការតែងតាំងឱ្យមកបំពេញបេសកកម្មការទូតនៅកម្ពុជា និងបានធ្វើការវាយតម្លៃខ្ពស់ ចំពោះការជួយជ្រោមជ្រែងពីសំណាក់រដ្ឋាភិបាល និងប្រជាជនចិន ស្របតាមយុគសម័យថ្មី នៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ។
សូមជម្រាបជូនដែរថា បើគិតចាប់ពីខែមករា រហូតដល់ខែមិថុនា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មី, គម្រោងពង្រីកផលិតកម្ម, និងគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ១៩០គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣,២ពាន់លានដុល្លារអាមេរិក ដែលអាចបង្កើតការងារបានចំនួន ១៦៨.៥៧២កន្លែងជូនប្រជាពលរដ្ឋកម្ពុជា។
CDC បានបន្តថា បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣ ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន ៧៧គម្រោង ខណៈទុនវិនិយោគមានការកើនឡើងគួរឱ្យកត់សម្គាល់ដល់ទៅប្រមាណជាង ២ពាន់លានដុល្លារអាម៉េរិក។
ចំពោះទុនវិនិយោគតាមវិស័យក្នុងឆមាសទី១នេះដែរ រួមមាន៖ ឧស្សាហកម្មនាំមុខគេប្រមាណ៥៦,៥៩% ហេដ្ឋារចនាសម្ព័ន្ធ ២៣,១១% កសិកម្ម និងកសិឧស្សាហកម្ម ២,២១% ទេសចរណ៍ ១៨,៧%។
ដោយប្រភពទុនវិនិយោគកម្ពុជាស្ថិតលេខរៀងទី១ មានចំនួន៥០,១៥%, ប្រទេសចិនស្ថិតនៅលេខរៀងទី២ ក្នុងទុនសរុប ៤២,៦៤% សិង្ហបុរី ២,៩១% វៀតណាម១,០៥% ឥណ្ឌា ០,៥៦% កូរ៉េ ០,៤៩% និងប្រទេសផ្សេងៗទៀត៕ អត្ថបទ៖ រង្សី