អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ គ្មានការកាត់ទឹកដី ៤ខេត្ត របស់កម្ពុជា ជូនប្រទេសវៀតណាមនោះឡើយ

សង្គម​ និង​សេដ្ឋកិច្ច

អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នេះ បានចេញសេចក្តីថ្លែងការណ៍ ៤ ចំណុច ច្រានចោលព័ត៌មាន ស្តីពី ការកាត់ទឹកដី ៤ ខេត្តជូនប្រទេសវៀតណាម ក្រោមរូបភាព កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពាក់ព័ន្ធបញ្ហានេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់នូវសេចក្តីថ្លែងការ៤ចំណុចដល់សាធារណជនថា៖

ទី១. គ្មានការកាត់ទឹកដី ៤ខេត្ត ជូនប្រទេសវៀតណាមដូចការចោទប្រកាន់មួលបង្កាច់ពីក្រុមជ្រុលនិយមមួយចំនួនតូចនោះឡើយ។

ទី២. គ្មានការយកខេត្តទាំង៤ របស់កម្ពុជា ទៅដាក់ហ៊ុនជាមួយប្រទេសជិតខាង ដើម្បីរួមបញ្ចូលគ្នាជាដែនដីតែមួយ ដូចការលើកឡើងដោយបំភាន់ ឬដោយការភាន់ច្រឡំមួយចំនួននោះឡើយ។

ទី៣. គ្មានការដាក់ហ៊ុនធនធានធម្មជាតិ ដូចជាធនធានរ៉ែ និងធនធានព្រៃឈើជាដើម របស់ខេត្តទាំង ៤ ដើម្បីវិនិយោគរួមគ្នា ដូចការលើកឡើងនោះឡើយ។

ទី៤. គ្មានការអនុញ្ញាតឱ្យប្រជាពលរដ្ឋប្រទេសនីមួយៗចេញចូលដោយសេរី ក្នុងទឹកដីតំបន់អភិវឌ្ឍន៍ត្រីកោណនោះឡើយ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV) នេះធ្វើឡើងតែក្នុងក្របខណ្ឌអាជ្ញាធរប្រទេសទាំងបី ដើម្បីផលប្រយោជន៍សេដ្ឋកិច្ច ហេដ្ឋារចនា សម្ព័ន្ធ សុខាភិបាល អប់រំ សន្តិសុខ និងការគ្រប់គ្រងគ្រោះមហន្តរាយជាដើម ដូចការបញ្ជាក់អស់ សម្តេចតេជោ ហ៊ុន សែន យ៉ាងច្បាស់លាស់រួចហើយដោយមិនពាក់ព័ន្ធនឹងរឿងទឹកដី ឬធនធានធម្មជាតិឡើយ។ ប្រទេស នីមួយៗ រក្សាអធិបតេយ្យភាពជាតិរៀងៗខ្លួន ដោយគ្មានអ្នកណាបំពានបានឡើយ។

ទន្ទឹមនឹងនោះ ក៏គ្មានការអនុញ្ញាតឱ្យមានចលនាចេញចូលរបស់ប្រជាពលរដ្ឋដោយសេរី ដូចការលើកឡើងមួយចំនួននោះដែរ ពោលគឺ ប្រទេសនីមួយៗ នៅតែគ្រប់គ្រងនិងរក្សា ឯករាជ្យភាព អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ខ្លួនស្រប តាមច្បាប់ជាធរមាន ដោយគ្មានការបង្កើតដែនដីថ្មីរួមគ្នាណាមួយដូចការលើកឡើងនោះឡើយ៕