លោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា អត្ថប្រយោជន៍នៃ កម្មវិធីទូរស័ព្ទបាគងសម្រាប់ទេសចរ នឹងក្លាយជាផលិតផលទេសចរថ្មីមួយទៀតដើម្បីបង្កើនភាពទាក់ទាញដល់ភ្ញៀវអន្តរជាតិមកទស្សនាកម្ពុជា បន្ថែមពីលើផលិតផលទេសចរវប្បធម៌ ប្រពៃណី ប្រវត្តិសាស្ត្រ និងធម្មជាតិ ដែលមានស្រាប់។

ការលើកឡើងរបស់លោកស្រីទេសាភិបាល ធ្វើឡើងនៅក្នុងកិច្ចប្រជុំ ពិភាក្សាការងារស្តីពីការអភិវឌ្ឍកម្មវិធីទូរស័ព្ទ បាគងសម្រាប់ទេសចរ (Bakong Tourists App) នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ នៅធនាគារជាតិនៃកម្ពុជា ដោយមានការចូលរួមពីសំណាក់ធនាគារជាតិនៃកម្ពុជា ,ក្រុមធុរជនក្នុងវិស័យទេសចរណ៍ និងតំណាងមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ។
កិច្ចប្រជុំនេះ ធ្វើឡើងនៅក្នុងគោលបំណងប្រមូលធាតុចូល និងស្វែងរកកិច្ចសហការដើម្បីអភិវឌ្ឍន៍កម្មវិធីទូរស័ព្ទបាគងសម្រាប់ទេសចរ សំដៅរួមចំណែកជំរុញវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការជួយសម្រួលឱ្យភ្ញៀវអន្តរជាតិអាចធ្វើប្រតិបត្តិការទូទាត់ឌីជីថលបានកាន់តែងាយស្រួល។
លើកឡើងបន្ថែមនៅក្នុងជំនួបពិភាភ្សាការងារនេះ លោកស្រី ជា សិរី បានឱ្យដឹងថា « កម្មវិធីថ្មីនេះក៏នឹងជួយលើកកម្ពស់កិត្យានុភាពជាតិមួយកម្រិតទៀតផងដែរ តាមរយៈការផ្តល់ឱ្យភ្ញៀវអន្តរជាតិនូវបទពិសោធន៍នៃការទូទាត់តាមឌីជីថលថ្មី ទំនើប និងជឿនលឿន»។
អង្គប្រជុំបានសាទរ និងកោតសសើរចំពោះគំនិតផ្តួចផ្តើមដ៏ល្អនេះ ព្រមទាំងបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមសហការ ដើម្បីពន្លឿនដំណើរការអភិវឌ្ឍន៍កម្មវិធីនេះ សំដៅឈានទៅសម្រេចបានរួចរាល់ និងដាក់ឱ្យដំណើរការនាពេលឆាប់ៗ។
សូមជម្រាបជូនថា បាគង ជាប្រព័ន្ធទូទាត់ប្រាក់តាមរយៈទូរស័ព្ទ និងសេវាធនាគារ តាមរយៈការរួមបញ្ចូលគ្នានូវ e-wallets, ការទូទាត់ប្រាក់តាមទូរស័ព្ទ, សេវាធនាគារតាមរយៈអ៊ីនធឺណែត និងកម្មវិធីហិរញ្ញវត្ថុជាច្រើនជាមួយនឹង interface ដែលងាយស្រួលនៅក្នុងការប្រើប្រាស់សម្រាប់គណនីធនាគារណាមួយដែលអ្នកពេញចិត្ត។
បាគង ជាប្រព័ន្ធដែលបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា ហើយក៏ជាប្រព័ន្ធទូទាត់បែបទំនើបថ្មីមួយ ដោយតភ្ជាប់ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ និងក្រុមហ៊ុនផ្តល់សេវាទូទាត់នៅកម្ពុជា ដើម្បីអនុញ្ញាតឲ្យអតិថិជនអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុតាមរយៈកម្មវិធីទូរស័ព្ទ ពីធនាគារមួយទៅធនាគារមួយទៀត ឬពីក្រុមហ៊ុនផ្តល់សេវាទូទាត់ណាមួយទៅសមាជិកដ៏ទៃទៀត ជាមួយនឹងភាពងាយស្រួល ឆាប់រហ័ស សុវត្ថិភាព និងចំណាយតិច៕



